ព្រៃកោងកាងជាច្រើនហិកតា បាននិងកំពុងរងការកាប់​ទន្ទ្រាន ឈូសឆាយ និង​ចាក់ដី​លុប​ហ៊ុមព័ទ្ធធ្វើជាកម្មសិទ្ធិ
ព័ត៌មាន
318

កំពត៖ កោងកាង​ជា​ប្រភេទ​រុក្ខជាតិ​សមុទ្រ​មួយ​ប្រភេទ ដែល​ដុះ​នៅ​តាម​បណ្ដោយ​ឆ្នេរ​មាន​ភាក់​ល្បាប់ មាន​ទឹក​ប្រៃ​ជោរ​នាច ហើយ​ធន់​នឹង​កំហាប់​អំបិល​ខ្ពស់។

ដោយឡែក បើងាកមកព្រៃកោងកាង ក្នុងខេត្តកំពតវិញ ត្រូវបានប្រជាពលរដ្ឋដែលអាស្រ័យផលនៅទីនោះ ក៏ដូចជារស់នៅក្នុងសហគមន៍នោះផ្ទាល់តែម្តង បានអះអាងថា ព្រៃ​កោងកាង​មិន​ត្រឹម​តែ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​នោះទេ សូម្បី​តែ​សត្វ​ក៏​ត្រូវ​ពឹង​ផ្អែក​លើ​វា​ដែរ ដូចជា​ជម្រក​ត្រី ខ្ចង ក្ដាម​គ្រប់​ប្រភេទ​រស់​នៅ និង​ជា​ជម្រក​ពង​កូន​យ៉ាង​សំខាន់។ ក្រៅ​ពី​នេះ​ដើម​កោងកាង ​ជា​របាំង​យ៉ាង​រឹងមាំ​សម្រាប់​ការពារ​ខ្យល់​ព្យុះ ឬ​រលក់​សមុទ្រ មិន​ឲ្យ​បោកបក់​បំផ្លាញ​ដំណាំ និង​ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​តំបន់​​នោះ។

ប៉ុន្តែមកគិតមកទល់ពេលនេះ ព្រៃកោងកាងដែលជាធនធានធម្មជាតិយ៉ាងសំខាន់នេះ បែរជាត្រូវគេកាប់ទន្ទ្រានទៅវិញ ។

ក្នុងនោះ ប្រជាសហគមន៍ ​ក្នុងភូមិ​ព្រែកត្នោតបាន​និយាយថា ព្រៃកោងកាង​ជាច្រើន​ហិកតា​ ​ក្នុងភូមិព្រែកត្នោត ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ដ​កំពត បាននិងកំពុង​ទទួល​រង​ការកាប់​ទន្ទ្រាន ឈូសឆាយ និង​ចាក់ដី​លុប​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃកោងកាង​ធ្វើ​ជា​កម្មសិទ្ធិ​ ដោយ​មិនទាន់​មាន​អាជ្ញាធរ​មាន​វិធានការ​ទប់ស្កាត់​នៅឡើយ។

ប្រជាពលរដ្ឋបាននិយាយដូចគ្នាៗថា ព្រៃកោងកាង នៅខាងកើតរោងចក្រកិនស្រូវមួយកន្លែង ដែលស្ថិតនៅក្នុងភូមិព្រែកត្នោត ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ដ​កំពត ជាច្រើនហិចតា ត្រូវបានបុគ្គលមានអំណាចកាប់បំផ្លាញ ចាក់ដីទន្ទ្រានកាន់កាប់ ជាបន្តបន្ទាប់ ។ ប៉ុន្តែការកាប់បំផ្លាញទាំងនេះ ត្រូវបានប្រជាពលរដ្ឋនិយាយថា បើពលរដ្ឋជាអ្នកប្រព្រឹត្តវិញ ច្បាស់ជាត្រូវរងការផាកពិន័យ និងមានទោសថែមទៀត តែបើបុគ្គលមានអំណាចវិញ បំផ្លាញព្រៃដែលធនធានធម្មជាតិបានតាមចិត្ត ស្រេចតែលេសអភិវឌ្ឍនេះ អភិវឌ្ឍនោះ យូរៗទៅច្បាស់ជាលែងព្រៃកោងកាងក្នុងប្រទេសកម្ពុជាទៀតមិនខាន ពេលនោះពលរដ្ឋនឹងជួបបញ្ហា ទាំងសេដ្ឋកិច្ច ទាំងកត្តាធម្មជាតិ រួមទាំងវិស័យទេសចរផងដែរ ពេលនោះទើបស្តាយឬយ៉ាងម៉េច និងខ្លះទៀតបានលើកឡើងថា ចំពោះការហ៊ានធ្វើបែបនេះ ទាលើតែខ្មោចស្រុកបើកដៃ។

ដូច្នេះពលរដ្ឋនៅទីនោះ បានសូមណូមពរសូមឲ្យអាជ្ញាធរ ថ្នាក់ដឹកនាំ ជាពិសេសគឺប្រមុខរាជរដ្ឋាភិបាល មេត្តាជួយពិនិត្យមើលចំពោះបញ្ហាទាំងនេះផង ព្រោះមិនមែនជារឿងតូចតាចនោះទេ សម្រាប់ប្រជាជនកម្ពុជា ៕