លែងនិយាយច្រើន! អភិបាលខណ្ឌសែនសុខ ចុះចាក់សោកង់រថយន្តដែលចតលើចិញ្ចើមផ្លូវ រួចស្ទូចយកទៅអធិការដ្ឋានខណ្ឌ
ព័ត៌មាន
771

ភ្នំពេញ៖ រថយន្តជាច្រើនគ្រឿង ដែលឈប់ចតលើចិញ្ចើមផ្លូវ បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ ធ្វើឲ្យផ្លូវកាន់តែតូចចង្អៀតនោះ ត្រូវបានលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការចូលរួមពីលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះទៅចាក់សោកង់រថយន្តតែម្តង ដើម្បីស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការផាកពិន័យ។

ការចុះអនុវត្តន៍វិធានការក្តៅនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លើផ្លូវសហព័ន្ធរុស្ស៊ី ចំណុចស្ពានអាកាសស្តុបដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា អាជ្ញាធរនឹងចុះអនុវត្តការងារនេះ ជាបន្តបន្ទាប់ទៀត ដើម្បីរំដោះចិញ្ចើមផ្លូវសាធារណៈ ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត និងសូមគោរពច្បាប់ទាំងអស់គ្នា ហើយសូមពលរដ្ឋទាំងអស់ចូលរួមសហការ ត្រូវបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈ ទៅប្រើប្រាស់ជាប្រយោជន៌ផ្ទាល់ខ្លួន រួមទាំងការចតរថយន្ត ការសាងសង់សំណង់គ្រប់ប្រភេទ និងការដាក់តាំងលក់ទំនិញ លើចិញ្ចើមផ្លូវសាធារណៈ ផងដែរ៕