ព្យុះទីហ្វុង​ដ៏ខ្លាំង​Hagibis អាចនឹងឆ្ពោះទៅកាន់ប្រទេសជប៉ុននៅចុងសប្តាហ៍នេះ
ព័ត៌មានអន្តរជាតិ
310

បរទេស៖ មន្រ្តីអាកាសធាតុជប៉ុនព្រមានថា ព្យុះទីហ្វុង ដ៏ខ្លាំងមួយឈ្មោះ ហាជីប៊ីស (Hagibis) អាចនឹងឆ្ពោះទៅដល់តំបន់ជាច្រើនពីភាគខាងលិច ដល់ភាគខាងជើងប្រទេសជប៉ុននៅចុងសប្តាហ៍នេះ។​ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន NHK នៅរសៀលថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

គួរជម្រាបថា គិតត្រឹមរសៀលថ្ងៃពុធនេះ ព្យុះទីហ្វុង Hagibis កំពុងស្ថិតក្បែរទីប្រជុំកោះ អូហ្គាសាវ៉ារ៉ា (Ogasawara) ហើយយោងតាមការព្យាករណ៍ វាកំពុងបន្តឆ្ពោះមករកកោះ Honshu ហើយអាចបោកបក់ត្រូវចំតំបន់ Kanto នៃកោះ Honshu នៅយប់ថ្ងៃសៅរ៍ ឬមួយក៏រំលងអធ្រាត្រថ្ងៃអាទិត្យ។ យ៉ាងណាមិញគន្លងផ្លូវពិតប្រាកដរបស់ព្យុះទីហ្វុងនេះ នៅមិនទាន់អាចកំណត់ច្បាស់ឡើយ ប៉ុន្តែដោយសារវាមានទំហំធំធេងពេក តំបន់ដែលមិនរងការប៉ះពាល់ដោយផ្ទាល់ក៏ដោយ ក៏អាចនៅរងឥទ្ធិពលខ្លាំងដែរ។

ក្នុងនោះបើតាមការ​ទីភ្នាក់ងារឧតុនិយមជប៉ុនផ្ទាល់ បានរាយការណ៍ថា ព្យុះទីហ្វុងខាងលើអាចមានកម្លាំងខ្យល់បក់អតិបរមាខ្ទង់ ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែបើតាមសហរដ្ឋអាមេរិកវិញ កម្លាំងខ្យល់នៃព្យុះទីហ្វុង Hagabis គឺអាចដល់ ២៥៩គីឡូម៉ែត្រក្នុងម៉ោង ពោល Hagabis គឺស្មើនឹងព្យុះហឺរីខិនកម្រិតទី ៥ ដែលជាកម្រិតខ្ពស់ជាងគេឯណោះ។

គួរបញ្ជាក់ថា នៅចុងសប្តាហ៍នេះ ទោះព្យុះទីហ្វុង Hagibis នឹងបោកបក់ចំ ឬមិនចំប្រទេសជប៉ុនក៏ដោយ វានៅតែអាចមានលទ្ធភាពជះឥទ្ធិពល ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរ ហើយប៉ះពាល់ដល់ព្រឹត្តិការណ៍ផ្សេងៗ រួមទាំងព្រឹត្តិការណ៍ពានពិភពលោកនៃកីឡាបាល់ឱប (Rugby World Cup)។ មួយវិញទៀត កាលពីខែសីហាកន្លងទៅនេះ ព្យុះទីហ្វុងឈ្មោះ ហ្វាសៃ (Faxai) ទើបតែបានវាយប្រហារចំលើតំបន់ Kanto របស់ជប៉ុនហើយប៉ុណ្ណោះ៕

ប្រភព៖ NHK