ចិន​អះអាងថា គ្មានបំណងជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកឡើយ​
ព័ត៌មានអន្តរជាតិ
117

បរទេស៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ បានអះអាងថាទីក្រុងប៉េកាំង គ្មានបំណងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកឡើយ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ជំរុញជាសាធារណៈឱ្យចិនបើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងបេក្ខជនប្រធានាធិបតីមក ពីបក្សប្រជាធិបតេយ្យ លោក Joe Biden​ និងកូនប្រុស​។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

គួរជម្រាបថា អ្នកនាំពាក្យក្រសួងការបរទេស លោក Geng Shuang បានប្រាប់សន្និសីទសារព័ត៌មានថា៖​​« ចិនតែងតែគោរពជានិច្ចនូវគោលការណ៍មិនលូកដៃចូល កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ...ដូច្នេះចិនគ្មានបំណងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់សហរដ្ឋអាមេរិកនោះទេ ហើយគោលជំហររបស់យើងនៅតែដដែល និងច្បាស់លាស់ចំពោះ បញ្ហានេះ»។

គួរបញ្ជាក់ថា ប្រតិកម្មរបស់ទីក្រុងប៉េកាំង កើតមានឡើងក្រោយ លោក ដូណាល់ ត្រាំ ជំរុញឱ្យចិន ស៊ើបអង្កេតលើលោក Joe Biden និងកូនប្រុស ពីបទពុករលួយ។ លោក ត្រាំ បច្ចុប្បន្ន កំពុងប្រឈម មុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកលោកពីតំណែងប្រធានាធិបតី ដោយសារតែលោក ត្រូវបានគេចោទថា ស្នើសុំជំនួយពីបរទេស (អ៊ុយក្រែន) ក្នុងគោលបំណងបំបាក់ គូប្រជែងរបស់ខ្លួន មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០៕

ប្រភព៖ Channel News Asia