​មេភេរវករក្រុមអាល់កៃដា ប្រចាំអាស៊ីខាងត្បូង ត្រូវបានកងទ័ពអាមេរិក-អាហ្វហ្គានីស្ថានសម្លាប់ហើយ!
ព័ត៌មានអន្តរជាតិ
571

បរទេស៖ មេដឹកនាំនៃក្រុមភេរវករអាល់កៃដា (al-Qaeda) សាខាប្រចាំតំបន់អាស៊ីខាងត្បូង ត្រូវបានកងកម្លាំងចំរុះអាមេរិក-អាហ្វហ្គានីស្ថាន សម្លាប់បានហើយនៅភាគខាងត្បូងប្រទេស អាហ្វហ្គានីស្ថាន កាលពីចុងខែកញ្ញាកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Dailymail នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩​។

គួរជម្រាបថា មេដឹកនាំអាល់កៃដា​មានឈ្មោះថា អាស៊ីម អ៊ូម៉ារ (Asim Umar) គឺជាម្ចាស់សាខាប្រចាំតំបន់អាស៊ីខាងត្បូង ដោយផ្តោតសំខាន់លើតំបន់ឧបទ្វីបឥណ្ឌា (ក្រុម AQIS) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤។ លោកត្រូវបានកងកម្លាំងចំរុះដឹកនាំដោយអាមេរិក សម្លាប់នៅក្នុងប្រតិបត្តិការវាយសម្រុកមួយ នៅក្នុងស្រុកមូសាកាឡា (Musa Qala) នៃខេត្តហេលម៉ាន់ដ៍ (Helmand) របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

យ៉ាងណាមិញ ក្នុងនោះមន្ត្រីសន្តិសុខជាតិអាហ្វហ្គានីស្ថាន បានលើកឡើងថា អាស៊ីម អ៊ូម៉ារ គឺជាជនជាតិប៉ាគីស្ថាន ប៉ុន្តែរបាយការណ៍ខ្លះបានអះអាងថា លោកបានកើតនៅប្រទេសឥណ្ឌា។ លោកត្រូវបានគេសម្លាប់ជាមួយសមាជិករបស់ក្រុម AQIS ចំនួន ០៦នាក់ផ្សេងទៀត ដែលភាគច្រើនជាជនជាតិប៉ាគីស្ថាន ខណៈកន្លងមកមានការផ្សព្វផ្សាយថា មេអាល់កៃដាប្រចាំតំបន់អាស៊ីខាងត្បូងមួយនេះ បានចូលដៃជាមួយក្រុមឧទ្ទាមតាលីបង់។

គួរបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ ត្រូវបានធ្វើឡើងកាលពីកំឡុងថ្ងៃទី២២ ដល់ទី២៣ ខែកញ្ញា ក្រោមការជួយគាំទ្រដោយកងទ័ពអាកាសសហរដ្ឋអាមេរិក។ ​អាជ្ញាធរអាហ្វហ្គានីស្ថាន នឹងបើកការស៊ើបអង្កេតចំពោះសេចក្តីរាយការណ៍កន្លងមកថា ជនស្លូតត្រង់ជាង ៤០នាក់ដែលមាន ទាំងកូនក្មេងនៅក្នុងនោះផងដែរ បានស្លាប់បាត់បង់ជីវិតដោយសារតែការវាយឆ្មក់ ចូលមូលដ្ឋានលាក់ខ្លួនរបស់ក្រុមភេរវករអាល់កៃដា៕

ប្រភព៖ Dailymail