Neymar និង​ជម្រើស​ជាតិ​ប្រេស៊ីល​ មក​ដល់​សិង្ហបុរី​ ​មាន​​​អ្នក​គាំទ្រ​​ចាំទទួលចំនួន​៩នាក់​​

ខ្សែ​ប្រយុទ្ធ​ក្លឹប Paris Saint-Germain កីឡាករ Neymar ព្រម​ទាំង​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​សិង្ហបុរី​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទសប្តាហ៍​នេះ សម្រាប់​ប្រកួត​មិត្តភាព​ប៉ះ​នឹង​សេណេហ្គាល់ (ថ្ងៃ​ទី១០ ខែ​តុលា) និង​ប៉ះ​នឹង​នីហ្សេរីយ៉ា (ថ្ងៃ​ទី១៣ ខែ​តុលា)។

ក្នុងនោះ​បើ​តាម​សារព័ត៌មាន​សិង្ហបុរី Straitstimes បានរាយការណ៍​​ថា វេលា​ម៉ោង ៧.៣០​ព្រឹក​មាន​តែ​អ្នក​គាំទ្រ​ចំនួន ៩នាក់​ទេ ដែល​បាន​ចាំ​រាប់​ម៉ោង​ ដើម្បី​មក​ទទួល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​សណ្ឋាគារJW Marriott Singapore South Beach ខណៈ​ Neymar មក​ជួប​ប្រិយមិត្ត​របស់​ខ្លួន ដោយ​មាន​ចុះ​ហត្ថលេខា​នៅ​លើ​អាវ Barcelona ផង​ មិន​ដល់​ ១​នាទី​ទេ។

ភាព​សោះកក្រោះ​នេះ​ត្រូវ​បាន​គេ​យល់​ថា ដោយ​សារ​តែ​ Neymar មក​ជើង​ទី១ និង​ព្រឹក​ពេក ហើយ​មនុស្ស​ភាគ​ច្រើន​រវល់​ធ្វើការ​ និង​ទៅ​សាលារៀន។ ខណៈ​ជើង​ទី២ គេ​សង្កេត​ឃើញ​មាន អ្នក​គាំទ្រ​កើន​ដល់ ១៥​នាក់ មក​ទទួល​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល។

គួរបញ្ជាក់ថា កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​តែ​​១១​រូបប៉ុណ្ណោះ ដោយ​រាប់​បញ្ចូល​ទាំង​ Neymar ខ្សែ​ប្រយុទ្ធ Roberto Firmino និង​ខ្សែ​ស្លាប Philippe Coutinho មក​ដល់​សិង្ហបុរី​នៅ​ថ្ងៃ​នេះ ខណៈ​កីឡាករ ១៤​រូប​ផ្សេង​ទៀត​នឹង​មក​ដល់​សិង្ហបុរី​នៅ​ថ្ងៃ​អង្គារ៕

ប្រភព៖ Straitstimes