​អាមេរិក ត្រៀមនឹងដាក់ពង្រាយកងទ័ព​២០,០០០នាក់ សម្រាប់ការធ្វើសមយុទ្ធយោធា​ដ៏ធំសម្បើមមួយក្នុងទ្វីបអឺរ៉ុបនៅឆ្នាំ២០២០​
ព័ត៌មានអន្តរជាតិ
250

បរទេស៖ យោធាសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានត្រៀមធ្វើសមយុទ្ធដ៏ធំមួយនៅដើមឆ្នាំក្រោយក្នុងទ្វីបអឺរ៉ុប ដោយមានការចូលរួមពីទាហាន​២០.០០០ នាក់មកពីសហរដ្ឋអាមេរិក ដែលជាការដាក់ពង្រាយធំបំផុតនៅទូទាំងតំបន់អាត្លង់ទិច សម្រាប់ការបណ្ដុះបណ្ដាល និងការធ្វើសមយុទ្ធយោធា ដ៏ធំសម្បើមមួយនៅឆ្នាំ២០២០ ក្នុងគោលដៅជួយបណ្ដុះបណ្ដាលយោធាជាសម្ព័ន្ធមិត្ត ក្នុងរយៈពេលច្រើនជាង២៥ឆ្នាំ។ នេះបើយោងតាមការ​ចេញផ្សាយពីសារព័ត៌មាន Washington Post នៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

ក្នុងនោះដែរ ទីបញ្ជាការកងទ័ពអាមេរិកប្រចាំទ្វីបអឺរ៉ុប កាលពីថ្ងៃចន្ទកន្លងទៅ បានបញ្ជាក់ថា សមយុទ្ធយោធា «Defender Europe 20» នឹងត្រូវធ្វើឡើងពីខែមេសា ដល់ខែឧសភា ឆ្នាំ២០២០ សំដៅជួយពង្រឹងសមត្ថភាពយោធា នៃប្រទេសសម្ព័ន្ធមិត្តនៅក្នុងតំបន់ ប្រឆាំងនឹងការគំរាមកំហែងពីសត្រូវ។

គួរបញ្ជាក់ថា បើតាមទីបញ្ជាការកងទ័ពអាមេរិកប្រចាំទ្វីបអឺរ៉ុប ប្រទេសចំនួន១៨ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុង សមយុទ្ធយោធា ដែលនឹងត្រូវប្រព្រឹត្តទៅក្នុងប្រទេសចំនួន១០ ក្នុងនោះរួមមាន អាល្លឺម៉ង់ ប៉ូឡូញ លីតតូនី លីតទុយអានី អេស្ដូនី និងហ៊្សកហ្ស៊ី ជាដើម។ ចំណែកឯ កងទ័ពអាមេរិក ៩,០០០នាក់ ដែលកំពុងឈរជើង ស្រាប់នៅអឺរ៉ុប និងកងទ័ពអឺរ៉ុប ៨,០០០នាក់ ក៏នឹងមានវត្តមានក្នុងសមយុទ្ធយោធានេះដែរ៕

ប្រភព​៖ Washington Post