រត់ចេញពីផ្ទះ២ខែ បែរជាលង់ទឹកស្លាប់ ទាំងអាក្រាតកាយ
ព័ត៌មាន
7.31K

ភ្នំពេញ៖ សាកសពនារីម្នាក់ បានលង់ទឹកស្លាប់ក្នុងទឹកស្រះចិញ្ចឹមត្រី ទាំងអាក្រាតកាយ ក្រោយចេញពីផ្ទះ២ខែ សង្ស័យជាករណីឃាតកម្ម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពនារីដែលស្លាប់នេះមានឈ្មោះ ពេជ្រ លីហេង ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលំភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ដោយមានម្តាយឈ្មោះ សួន ផល្លី ភេទស្រី អាយុ៥៥ឆ្នាំ ។ ចំណែកសង្សារមានឈ្មោះ អាពេជ្រ អាយុ២២ឆ្នាំ ស្នាក់នៅកន្លែង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

តាមសម្តីរបស់ម្តាយនារីរងគ្រោះបានរៀបរាប់ទាំងក្តុកក្តួលថា កូនស្រីគាត់បានរត់ចេញពីផ្ទះ រយ:ពេល២ខែមកហើយទៅរស់នៅជាមួយសង្សារហើយរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ លុះដល់ថ្ងៃកើតហេតុក៏ទទួលបានដំណឹងថាកូនស្រីលង់ទឹកស្លាប់ទាំងអាក្រាតកាយ ហើយសព ត្រូវបានដឹកតាមរថយន្តកូរ៉េដឹកត្រី មកដល់មន្ទីរពេទ្យបង្អែកសម្តេចឪ ។

ចំណែកបុរសប្តីជនរងគ្រោះវិញបាននិយាយថា មុនពេលកើតហេតុខ្លួនទៅយកត្រីនៅកោះធំឯណោះ តែបងស្រីតេប្រាប់ថាសង្សាររបស់ខ្លួន និយាយជាមួយគឺប្រពន្ធដែលរស់នៅជាមួយគ្នា​ លង់ទឹកស្លាប់ ទើបខ្លួនប្រញាប់មកមើលប្រពន្ធ តែពេលប្រពន្ធគេយកមកពេទ្យនោះ គឺស្លាប់បាត់ទៅហើយ។

ការស្លាប់របស់នារីខាងលើនេះ ត្រូវបានសមត្ថកិច្ចយកចិត្តទុកដាក់ជាខ្លាំងដើម្បីបើកការស្រាវជ្រាវ តែមិនទាន់ដឹងថាជាករណីអ្វីនៅឡើយ គ្រាន់តែសង្ស័យអាចជាករណីឃាតកម្ម ៕