ក្រុមភេរវករ​ISIS អាចនឹងចាប់កំណើត​ពង្រីកឥទ្ធិពលជាថ្មី ប្រសិនបើតួកគីវាយលុកតំបន់ភាគខាងជើងប្រទេសស៊ីរី
ព័ត៌មានអន្តរជាតិ
285

បរទេស៖ ក្រុមអ្នកជំនាញបានព្រមានថា ប្រតិបត្តិការយោធាបោសសម្អាតក្រុមឧទ្ទាមឃើដរបស់តួកគី នៅតំបន់ភាគខាងជើងប្រទេសស៊ីរី អាចនឹង​ធ្វើឲ្យក្រុមភេរវករ ISIS ចាប់កំណើត និងពង្រីកឥទ្ធិពលឡើងវិញជាថ្មី បើទោះជាទីក្រុងអង់ការ៉ាសន្យាថានឹង ទប់ស្កាត់មិនឱ្យពួកភេរវករមួយនេះត្រឡប់មកវិញក៏ដោយ។ នេះបើយោងតាម​ចេញ ផ្សាយពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា តួកគី នៅថ្ងៃអង្គារនេះ បានចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមសកម្មយុទ្ធឃើដហើយ ជាពិសេសគឺ ក្រុមសកម្មប្រយុទ្ធឃើដ YPG។ YPG គឺជាក្រុមសកម្មប្រយុទ្ធឃើដ ដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាអង្គការភេរវករ ហើយកងកម្លាំងមួយនេះ ក៏ជាសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាមឃើដកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF គំាទ្រដោយ សហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែ លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទកន្លងទៅ បានធ្វើការសម្រេចចិត្តមួយដ៏ភ្ញាក់ផ្អើល ដោយដកកងទ័ពអាមេរិក ចេញពីតំបន់ដែលតួកគីត្រៀមបើកការវាយលុក ជាមួយការបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោន នឹងមិនគាំទ្រ ហើយក៏មិនលូកដៃក្នុងប្រតិបត្តិការយោធានេះដែរ។

ដោយក្នុងនោះ ក្រុមអ្នកជំនាញមួយចំនួនដូចជា លោក Charles Lister ដែលជានាយកវិទ្យាស្ថានមជ្ឈិមបូព៌ា មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានព្រមានថាប្រតិបត្តិការយោធារបស់តួកគី អាចនឹងធ្វើឱ្យពួក ISIS ឆ្លៀតឱកាស ពង្រីកឥទ្ធិពលជាថ្មី ហើយថាការសម្រេចចិត្តដកកងទ័ពរបស់លោក ដូណាល់ ត្រាំ មានន័យស្មើនឹងការផ្ដល់កាដូ ឱ្យពួកភេរវករមួយនេះចាប់កំណើតឡើងវិញ។

លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី កងកម្លាំងតួកគីបានធ្វើការវាយប្រហារទៅលើតំបន់ តាល់តាវីល (Tal Tawil) ដែលកងកម្លាំងឃើដ-ស៊ីរី SDF កំពុងឈរជើងស្ថិតនៅភាគឦសាននៃខេត្ត ហាសាកាស (Hasakah) ប្រទេសស៊ីរី។ ប្រទេសស៊ីរីក៏បានចាត់ទុកផងដែរថា ការវាយប្រហារដោយតួកគីបែបនេះ គឺជាទង្វើដ៏គគ្លើនបំផុតមកលើបូរណភាព ទឹកដីស៊ីរី។

​មិនតែប៉ុណ្ណោះ តំបន់ផ្សេងៗទៀតដែលក្រុម SDF ឈរជើងដូចជា តាល់អាប់យ៉ាដ (Tal Abyad) នៅខេត្តរ៉ាកា (Raqqa) ក៏បានទទួលរងការវាយប្រហារដោយយន្តហោះចម្បាំងតួកគី ផងដែរ៕

ប្រភព៖ Channel News Asia