​​រៀបការហើយថ្មីថ្មោង នាំគ្រួសារថតរូបសែលហ្វី អកុសលធ្លាក់ចូលទឹកទំនប់Pambar លង់ស្លាប់៤នាក់ នៅឥណ្ឌា
ព័ត៌មានអន្តរជាតិ
1.01K

បរទេស៖ ស្ត្រីម្នាក់ដែលទើបរៀបការថ្មីថ្មោង និងសមាជិកគ្រួសារ៣នាក់ទៀតរបស់នាង បាន​លង់ទឹកស្លាប់ ក្រោយធ្លាក់ចូលក្នុងទំនប់ទឹកមួយកន្លែងស្ថិតនៅឯរដ្ឋ Tamil Nadu នៃភាគខាងត្បូងប្រទេសឥណ្ឌា ខណៈដែល​ ពួកគេព្យាយាមថតរូបសែលហ្វី (selfie)។ នេះបើយោងតាម​ចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

បើតាមអាជ្ញាធរឥណ្ឌា នៃរដ្ឋ Tamil Nadu បានឲ្យដឹង​ថា មនុស្សទាំង៤នាក់ខាងលើ បានព្យាយាមថតរូបសែលហ្វី នៅលើទំនប់ទឹក Pambar ដោយមុនដំបូងឡើយក្នុងចំណោមពួកគេ ដែលមានគ្នាសរុបទាំងអស់៦នាក់ មានម្នាក់ រអិលជើងធ្លាក់ ហើយក៏ទាញគ្នាទៅវិញទៅមកធ្លាក់ចូលក្នុងទំនប់ទឹកនេះតែម្ដង។ ចំណែកឯ ស្វាមីរបស់ស្ត្រីខាងលើ បានជួយសង្រ្គោះប្អូនស្រីម្នាក់ដោយជោគជ័យ។

គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមួយដែលមានចំនួនអាត្រាអ្នកស្លាប់ដោយសារថតសែលហ្វី ច្រើនជាងគេមួយ នៅលើពិភពលោក។ ជាក់ស្ដែង បើតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលអាមេរិក National Library of Medicine ឥណ្ឌាមានចំនួនអ្នកស្លាប់ដោយសារថតសែលហ្វីជាង ២៥៩នាក់ នៅចន្លោះពីឆ្នាំ២០១១ និង២០១៧ តាមពីក្រោយដោយរុស្ស៊ី សហរដ្ឋអាមេរិក និងប៉ាគីស្ថាន៕

ប្រភព៖ BBC