​​ជនជាតិវៀតណាម​៨នាក់ ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀនជិត២០០គីឡូក្រាម
ព័ត៌មានអន្តរជាតិ
411

បរទេស៖ ជនជាតិវៀតណាម​៨នាក់ ត្រូវបានផ្តន្ទាទោសប្រហារជីវិត ពីបទលួចរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនមានទម្ងន់ ១៣២គីឡូក្រាម និងប្រភេទគ្រីស្តាល់មេតាំហ្វេតាមីនទម្ងន់ ៥៥គីឡូក្រាម។ នេះបើយោងតាមការចេញ​ផ្សាយ​ពីសារព័ត៌មាន Vn Express នៅរសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តុលាការនៃទីក្រុងហូជីមីញ បានសម្រេចផ្តន្ទាទោសប្រហារជីវិតមនុស្ស ​៨នាក់ ក្នុងនោះរួមមានបុរស​៧នាក់ និងស្រី្តម្នាក់ ដែលជាសមាជិកបណ្តាញក្រុមរត់ពន្ធគ្រឿងញៀនពីក្រុងដាណាង (Da Nang) ភាគកណ្តាលវៀតណាម ទៅកាន់ទីក្រុងហូជីមិញ ដែលស្ថិតនៅភាគខាងត្បូងប្រទេស។ ក្នុងនោះ ប៉ូលិសវៀតណាមកំពុងតាមចាប់ខ្លួន​បុគ្គលដែលអាចជាប់ពាក់ព័ន្ធដទៃទៀត។

គួរ​បញ្ញាក់ថា បើយោងតាមច្បាប់នៅប្រទេសវៀតណាម ជនដែលរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចាប់ពី ៦០០ក្រាមឡើងទៅ ឬមួយក៏មេតាំហ្វេតាមីនច្រើនជាង ២.៥គីឡូក្រាម នឹងត្រូវទទួលទោសប្រហារជីវិត។ មិនតែប៉ុណ្ណោះការផលិត ឬជួញដូរថ្នាំហេរ៉ូអ៊ីនទម្ងន់ចាប់ពី ១០០ក្រាម ឬគ្រឿងញៀនផ្សេងៗទៀតទម្ងន់ចាប់ពី ៣០០ក្រាមឡើងទៅ ក៏ត្រូវប្រឈមនឹងទោសប្រហារជីវិតដូចគ្នា។ ទោះបីជាច្បាប់គ្រឿងញៀននៅប្រទេសវៀតណាម តឹងរ៉ឹងបែបនេះក៏ដោយក៏បទល្មើសគ្រឿងញៀន នៅតែកើតមានឡើងជារឿយៗ៕

ប្រភព៖ Vn Express