ជប៉ុន ដាក់កំណត់ទូតប្រឆាំងកូរ៉េខាងជើង ក្រោយផ្ទុះករណីទូកល្បាតបុកទូកនេសាទ នៅក្នុងដែនទឹកជប៉ុន!
ព័ត៌មានអន្តរជាតិ
220

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុនបានរាយការណ៍នា​ថ្ងៃអង្គារនេះថា ក្រសួងការបរទេសជប៉ុន បានដាក់ កំណត់ទូតប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ជុំវិញករណីនាវាល្បាតជប៉ុនមួយគ្រឿង ប៉ះគ្នាជាមួយទូកមួយគ្រឿងទៀត ដែលជាទូកនេសាទរបស់កូរ៉េខាងជើង ខណៈជប៉ុនបានចោទប្រកាន់ថា ចូលមកនេសាទដោយខុសច្បាប់នៅក្នុងដែនសមុទ្រជប៉ុន។ នេះបើយោងតាមការចេញផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

គួរជម្រាបថា ហេតុការណ៍​​បានកើតឡើងកាលពីថ្ងៃចន្ទម្សិលមិញនេះ នៅចម្ងាយជិត​៣០០គីឡូម៉ែត្រ ពីឧបទ្វីបណូតុ (Noto) ដែលស្ថិតនៅក្នុងតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ លើសពីនេះ បើ​តាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន កំណត់ទូតខាងលើត្រូវបានប្រគល់ទៅរដ្ឋាភិបាលកូរ៉េខាងជើង តាមរយៈស្ថានទូតរបស់ជប៉ុន ប្រចាំនៅទីក្រុងប៉េកាំងនៃប្រទេសចិន ដោយសារតែប្រទេសជប៉ុន និងកូរ៉េខាងជើង ពុំមានទំនាក់ទំនងការទូតផ្លូវការនោះឡើយ។

​​មិនតែប៉ុណ្ណោះ បើតាមសេចក្តីរាយការណ័ព័ត៌មាន ទូកនេសាទកូរ៉េខាងជើងបានលិច ក្រោយការប៉ះគ្នា ហើយមនុស្សប្រហែលជា ៦០នាក់ ត្រូវបានអាជ្ញាធជប៉ុនជួយសង្រ្គោះ។ ជារឿយៗកងឆ្មាំសមុទ្រជប៉ុន និងទីភ្នាក់ងារជលផលជប៉ុន តែងបញ្ជូននាវាល្បាតទៅកាន់តំបន់ខាងលើ ដើម្បីទប់ស្កាត់បទល្មើសនេសាទផ្សេងៗ ខណៈតំបន់ខាងលើនេះត្រូវបានគេទទួលស្គាល់ថា ជាកន្លែងដែលពេញនិយមបំផុតនៅក្នុងការនេសាទ៕

ប្រភព៖ Sputnik ​