​ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup នឹង​ធ្វើ​ឡើងនៅថ្ងៃ​ទី០៦-វិច្ឆិកា នា​កីឡដ្ឋាន RSN

​ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត ត្រូវបានកំណត់កាលបរិច្ឆេទប្រកួតច្បាស់លាស់ហើយ ដោយគ្រោងប្រកួតនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ នៅកីឡដ្ឋាន ភ្នំពេញក្រោន(​Smart RSN)។ ប៉ុន្ដែការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ត្រូវបានសម្រេចលុបចោល បន្ទាប់ពី​មានការស្នើសុំរបស់ក្លឹបទាំងពីរ។​

ដំបូងឡើយការប្រកួតគ្រោងធ្វើនៅពហុកីឡដ្ឋានជាតិ ប៉ុន្ដែដោយសារនៅចន្លោះថ្ងៃទី០២-១០ ខែវិច្ឆិកា ពហុកីឡដ្ឋានជាតិត្រូវទទួលភារកិច្ចរៀបចំការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ក៏សម្រេចលើកទៅប្រកួតនៅកីឡដ្ឋាន ភ្នំពេញក្រោន(RSN)​​ វិញ។

ដោយឡែកការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមភ្នំពេញក្រោន និងក្រុមវិសាខា ដែលរងបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ត្រូវបាន CNCC សម្រេចមិនធ្វើការប្រកួតឡើយ បន្ទាប់ពីមានការស្នើសុំពីតំណាងក្លឹបទាំងពីរ ដោយសារចង់ទុកពេលឲ្យកីឡាករខ្លួនដែលជាប់ជម្រើសជាតិ មានពេលវេលាសម្រាកគ្រប់គ្រាន់ និងមិនប្រឈមក្នុងការរបួសជាដើម។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងរបស់ CNCC។

គួរបញ្ជាក់ថា មុនឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្នំពេញក្រោន ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ០-០ គ្រាដែលបឹងកេតបានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ៤-០។ ចំពោះការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត នឹងធ្វើឡើងនាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋាន RSN៕

ប្រភព៖ CNCC