​បាតុកម្មនៅអ៊ីរ៉ង់ ប្រឆាំងការអនុញ្ញាតិ​ឲ្យស្រ្ដី​ចូលទស្សនា​បាល់ទាត់ អ៊ីរ៉ង់​vs​កម្ពុជា

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអ៊ីរ៉ង់រាយការណ៍ថា កាលពីថ្ងៃច័ន្ទ មានមនុស្សប្រមាណជា​៥០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាអ៊ីរ៉ង់ ដើម្បីតវ៉ានឹងការសម្រេចចិត្តចុងក្រោយ ដែលអនុញ្ញាតឱ្យស្ត្រីចូលចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​បុរស នៅ​កីឡដ្ឋាន Azadi​។

​ក្រៅពី​លើក​បដា​ប្រឆាំង​ការ​សម្រេច​នេះ ក្រុម​បាតុករ​ទាំង​នោះ ក៏បាន​នាំគ្នា​ស្រែក​ពាក្យ​ស្លោក​ផ្សេងៗ ប្រឆាំង​នឹង​សហព័ន្ធកីឡា​បាល់ទាត់​ពិភពលោក FIFA ថែមទៀតផង។

គួរបញ្ជាក់ថា អស់រយៈពេល​៤០ឆ្នាំ​មកហើយ ដែល​អ៊ីរ៉ង់ បានចេញច្បាប់​ហាម​មិន​ឲ្យស្រ្ដី ចូលទស្សនា​ការប្រកួត​បាល់ទាត់​បុរសនៅ​ទីលាន​ផ្ទាល់។ ប៉ុន្តែនៅឆ្នាំនេះ ក្រោយ​ពី​ទទួល​រង​សម្ពាធ​ពី FIFA អាជ្ញាធរ​អ៊ីរ៉ង់​បាន​យល់ព្រម​លក់​សំបុត្រ​ចូលទស្សនា​ឲ្យ​ស្រ្ដី សម្រាប់​​ការ​ប្រកួត​ជម្រុះ World Cup រវាង​អ៊ីរ៉ង់ ទល់​នឹង​កម្ពុជា នា​ថ្ងៃ​ទី១០ ខែតុលាខាងមុខ​នេះ ចំនួន ៣៥០០សំបុត្រ។ គ្រាន់តែបើក​លក់ត្រឹម​១ម៉ោង សំបុត្រ​ទាំងនោះ ត្រូវ​បាន​ទិញ​អស់​គ្មាន​សល់។

គួរជម្រាប​ថា កាលពីខែកញ្ញា​កន្លងទៅ មាន​ស្រ្ដី​វ័យក្មេង​មួយរូប បាន​ស្លាប់ដោយការ​ដុត​ខ្លួនឯង ដើម្បី​ប្រឆាំង​នឹង​ច្បាប់​ហាម​ឃាត់​ស្រ្ដី​មិន​ឲ្យ​មើល​បាល់​នេះ។ នាង​ត្រូវ​បាន​ចាប់ខ្លួន ពេលព្យាយាម​សម្រុក​ចូលទស្សនា​ការប្រកួត។ ក្រោយ​ការ​ចាប់​ខ្លួន នាង​បាន​ចាក់សាំងលើខ្លួន រួច​ដុត​ និង​បាន​ស្លាប់នៅមន្ទីរពេទ្យ។ ការស្លាប់​នេះ បាន​ធ្វើ​ឲ្យ FIFA ដាក់​សម្ពាធ​កាន់​តែខ្លាំង​លើ​អ៊ីរ៉ង់?៕

ប្រភព៖ Radio Farda