​ឥណ្ឌាដាក់ពង្រាយសព្វាវុធ​M-777​ក្រោយទទួលបាន​ក្តៅៗពី​អាមេរិក នៅតំបន់ព្រំដែនជាប់ចិន
ព័ត៌មានអន្តរជាតិ
332

បរទេស៖ ឥណ្ឌាបាននឹងកំពុងត្រៀមដាក់ពង្រាយប្រព័ន្ធកាំភ្លើងធំធុន M-777 ឈុតដំបូង ដែលទើបតែទិញពីអាមេរិក នៅតាមបណ្តោយព្រំដែនជាប់ជាមួយប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

គួរជម្រាបថា កាលពីខែកញ្ញាកន្លងទៅ អគ្គមេបញ្ជាការយោធាទ័ពជើងគោកឥណ្ឌាលោក ប៊ីភីន រ៉ាវ៉ាត់ (Bipin Rawat) ធ្លាប់បានបញ្ជាក់ថា ប្រព័ន្ធកាំភ្លើងធំខាងលើ នឹងត្រូវដាក់ពង្រាយជាមួយក្រុមឧទ្ធម្ភាគចក្រយោងទំនិញធ្ងន់ៗធុន ជីនូក (Chinook) នៅព្រំដែនភាគខាងកើតរបស់ប្រទេសឥណ្ឌា។ ប្រព័ន្ធកាំភ្លើងធំនេះ ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ជាដើមនោះ នឹងជួយឥណ្ឌារក្សាការពារសន្តិសុខបណ្តោយព្រំដែនរបស់ខ្លួន ដែលជាប់ជាមួយចិន។

មិនតែប៉ុណ្ណោះ គុណសម្បត្តិពិសេសរបស់ប្រព័ន្ធកាំភ្លើងធំនេះ គឺទម្ងន់ស្រាលគួរសមរបស់វា ដែលអនុញ្ញាតឲ្យឧទ្ធម្ភាគចក្រសណ្តោងយកដាក់ តាមទីតាំងភូមិសាស្រ្តនៃតំបន់ភ្នំបានយ៉ាងងាយ និងឆាប់រហ័សថែមទៀត។ សម្រាប់រយៈចម្ងាយ ដែលបាញ់ទៅប្រកបដោយ ប្រសិទ្ធភាពរបស់កាំភ្លើងធំ M-777 គឺចន្លោះ ២៤-៤០គីឡូម៉ែត្រ ដោយអាស្រ័យលើប្រភេទគ្រាប់ ហើយពួកវាអាចបាញ់បាន​៥គ្រាប់ក្នុងមួយនាទី សម្រាប់រយៈពេល​២នាទីជាប់គ្នា។

គួរបញ្ជាក់ថា ឥណ្ឌាបានចាប់ផ្តើមការពិភាក្សាដើម្បីទិញកាំភ្លើង M777 ចំនួន ១៤៥គ្រឿងពីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១០ ហើយទីបំផុតក៏បានសម្រេចកិច្ចព្រមព្រៀង កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ នៅក្រោមកិច្ចសន្យារវាងប្រទេសទាំងពីរ កាំភ្លើងធំប្រភេទ M777 ចំនួន ២៥គ្រឿង អាមេរិកត្រូវប្រគល់ឲ្យយោធាឥណ្ឌាដោយផ្ទាល់ ខណៈ១២០គ្រឿងទៀត នឹងត្រូវដំឡើងនៅឥណ្ឌា។ សម្រាប់ឧទ្ធម្ភាគចក្រ Chinook ក៏ឥណ្ឌាបានទិញអាមេរិក គឺកាលពីឆ្នាំ២០១៥ ឥណ្ឌាបានបញ្ជាទិញឧទ្ធម្ភាគចក្រនេះ ១៥គ្រឿងក្នុងតម្លៃ ១.១៨ពាន់លានដុល្លារ និងទទួលបាន​៦គ្រឿងហើយ៕

ប្រភព៖ Sputnik