ទូកនេសាទកូរ៉េខាងជើង ​បុកគ្នាជាមួយនាវាល្បាតជប៉ុន ដែលចូលនេសាទខុសច្បាប់នៅក្នុងដែនទឹកជប៉ុន!
ព័ត៌មានអន្តរជាតិ
632

បរទេស៖ នាវាល្បាតមួយគ្រឿងរបស់ជប៉ុន និងទូកនេសាទមួយគ្រឿងរបស់កូរ៉េខាងជើង បានបុកគ្នានៅក្នុងដែនសមុទ្រជប៉ុន ជិតតំបន់មួយដែលពេញនិយមបំផុតក្នុងការនេសាទ ប៉ុន្តែពុំមានការបញ្ជាក់អំពីមនុស្សបាត់បង់ជីវិត ឬក៏រងរបួសនៅក្នុងហេតុការណ៍នោះនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយព័ត៌មាន Channel News Asia​ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

គួរជម្រាបថា ក្រោយការបុកគ្នាខាងលើនេះ ទូកនេសាទកូរ៉េខាងជើងបានលិច ហើយមនុស្សយ៉ាងហោចណាស់ ២០នាក់ត្រូវធ្លាក់ទៅក្នុងទឹកសមុទ្រ។ ក្នុងនោះ អ្នកនាំពាក្យឆ្មាំសមុទ្រ ជប៉ុនបានអះអាងថា ឧប្បដិហេតុបានកើតឡើងនៅដែនទឹកស្ថិតនៅចម្ងាយជិត ៣០០គីឡូម៉ែត្រពីឧបទ្វីបណូតុ (Noto) ដែលនេះមានន័យថា ទូកនេសាទកូរ៉េខាងជើងដែលត្រូវបានបុកលិចខាងលើនេះ បានចូលមកធ្វើសកម្មភាពនេសាទដោយខុសច្បាប់ នៅក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

គួរបញ្ជាក់ថា ពុំមានការបញ្ជាក់អំពីហេតុការណ៍បន្តបន្ទាប់មកទៀតនៅឡើយទេ ប៉ុន្តែឧប្បដិហេតុនេះបានកើតឡើង បន្ទាប់ពីជប៉ុនបានបញ្ចេញយុទ្ធនាការក្តៅ ដើម្បីបង្ក្រាបសកម្មភាពនេសាទខុសច្បាប់ នៅក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ក្នុងតំបន់សមុទ្រជប៉ុន ខណៈកន្លងមកគឺទូកនេសាទកូរ៉េខាងជើងជាច្រើន តែងត្រូវបានគេរាយការណ៍ថា បានបំពានចូលមកកាន់តំបន់នេះ។ សម្រាប់ប្រទេសទាំងពីរជប៉ុន និងកូរ៉េខាងជើង គឺគ្មានទំនាក់ទំនងការទូតនោះឡើយ៕

ប្រភព៖ Channel News Asia​