​មនុស្ស៤នាក់ស្លាប់ និង៥នាក់របួស ករណីបាញ់ប្រហារនៅរដ្ឋកាន់សាស់ សហរដ្ឋអាមេរិក
ព័ត៌មានអន្តរជាតិ
117

បរទេស៖ ក្រុមមន្រ្តីបាននិយាយថា មនុស្ស​៤នាក់បានស្លាប់ និង​៥នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះអាវុធនៅរង្គសាលមួយកន្លែង ស្ថិតនៅរដ្ឋកាន់សាស់ (Kansas) របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

ករណីខាងលើបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ (ថ្ងៃទី​៦ ខែតុលា ម៉ោង​ក្នុងតំបន់របស់អាមេរិក)​ នៅរង្គសាលឈ្មោះ តេឃ្វីឡាខេស៊ី (Tequila KC)។ បើតាមសេចក្តីថ្លែងការណ៍របស់ ប៉ូលិសប្រចាំទីក្រុងកាន់សាស់ស៊ីធី (Kansas City) ពួកគេបានរកឃើញមនុស្សសរុបចំនួន​៩នាក់ ដែលត្រូវគេបាញ់ប្រហារ ក្នុងនោះ​៤នាក់បាត់បង់ជីវិតនៅក្នុងរង្គសាលតែម្តង ចំណែក​​៥នាក់ដែលរបួសត្រូវបានប្រទះឃើញនៅខាងក្រៅ។

គួរបញ្ជាក់ថា យោងតាមលទ្ធផលស៊ើបអង្កេតជាបឋមរបស់ប៉ូលិសអាមេរិក មូលហេតុដែលបានបណ្តាលឲ្យមានការបាញ់ប្រហារបែបនេះ គឺបណ្តាលមកពីការឈ្លោះទាស់ទែងគ្នាក្នុងរង្គសាលខាងលើ ខណៈជនសង្ស័យពីរនាក់ ដែលប្រដាប់ដោយកាំភ្លើង បានរត់គេចខ្លួនពីកន្លែងកើតហេតុ។ ប៉ូលិសបានបញ្ចេញរូបភាពជនសង្ស័យទាំងពីរនាក់ និងស្នើឲ្យសាធារណជនជួយកំណត់អត្តសញ្ញាណ៕

ប្រភព៖ Channel News Asia