Update៖ មនុស្សស្លាប់កើនដល់១០៤នាក់ និងរបួសជាង៦,០០០នាក់ ក្នុងបាតុកម្មដ៏ក្តៅគគុក​ប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់
ព័ត៌មានអន្តរជាតិ
253

​បរទេស៖ មនុស្សយ៉ាងហោចណាស់​៨នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សាជាថ្មី រវាងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលទីក្រុងបាកដាដកាលពីថ្ងៃអាទិត្យ ហើយ​បានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់​១០៤នាក់ និង​ជាង ៦,០០០នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន​ Reuters នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

គួរជម្រាបថា បាតុកម្មតវ៉ាដ៏ចលាចល និងហិង្សាកាលពីថ្ងៃអាទិត្យគឺបានឈានចូលដល់ថ្ងៃទី ៦ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មនុស្សទាំង​០៨នាក់ខាងលើបានស្លាប់ នៅឯភាគខាងកើតទីក្រុងបាកដាដ ដោយសារតែគ្រាប់កាំភ្លើងពិតរបស់ប៉ូលិស។ ​យ៉ាងណាមិញ បាតុកម្មតវ៉ានេះ​បានកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងបាកដាដ ប្រកាសពីការធ្វើកំណែទម្រង់ជាច្រើន ក្នុងគោលបំណងបន្សាបការខឹងសម្បាររបស់ក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្មប្រឆាំងអំពើពុករលួយ និងភាពអត់ការងារធ្វើ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៊ីរ៉ាក់ ក្នុងចំណោមមនុស្ស ៦,១០៧នាក់ ដែលរងរបួស ក៏មានប៉ូលិសជាង​១,០០០នាក់ផងដែរ ខណៈអគារមួយចំនួនត្រូវបានដុតបំផ្លាញ។ មិនតែប៉ុណ្ណោះ អ្នកជំនាញជាច្រើនបង្ហាញក្ដីព្រួយបារម្ភ ដោយខ្លាចក្រែងក្រុមសកម្មប្រយុទ្ធ ISIS កេងចំណេញពីបាតុកម្មតវ៉ាដ៏ហិង្សា នេះដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនឡើងវិញនៅអ៊ីរ៉ាក់៕

ប្រភព៖ Reuters