Update៖ ចំនួនមនុស្សស្លាប់កើនដល់៦០នាក់ ក្នុងបាតុកម្មដ៏ក្តៅគគុក​ប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់
ព័ត៌មានអន្តរជាតិ
163

បរទេស៖ ចំនួនមនុស្សស្លាប់ក្នុងបាតុកម្មដ៏ក្តៅគគុក អស់រយៈពេល៤ថ្ងៃមកនេះ នៅប្រទេសអ៊ីរ៉ាក់ បានកើនដល់៦០នាក់ហើយ ខណៈមនុស្ស១,១៨៨នាក់ទៀតបានទទួលរងរបួស និងរាប់សិបនាក់ត្រូវបាន​ចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។

គួរជម្រាបថា បាតុកម្មបានចាប់ផ្តើមផ្ទុះឡើងតាំងតែពីថ្ងៃអង្គារ មកម្លេះ ហើយកំពុងបន្តរីករាលដាលកាន់ខ្លាំង នៅក្នុងរដ្ឋធានីបាកដាដ ដើម្បីប្រឆាំងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi)។ នៅតាមតំបន់ដទៃទៀតនៃប្រទេសអ៊ីរ៉ាក់ក៏មានសកម្មភាពតវ៉ាស្រដៀងគ្នា នេះដែរ។

គួរបញ្ជាក់ថា អាជ្ញាធរអ៊ីរ៉ាក់បានដាក់ចេញបម្រាមគោចរ នៅទីក្រុងបាកដាដ ព្រមទាំងតំបន់មួយចំនួនទៀត ប៉ុន្តែការធ្វើបាតុកម្មនៅតែបន្ត។ មិនតែប៉ុណ្ណោះ អាជ្ញាធរអ៊ីរ៉ាក់ក៏បានបិទបណ្តាញអ៊ីនធឺណែត នៅទូទាំងរដ្ឋធានីបាកដាដ រួមជាមួយតំបន់មួយចំនួនទៀត ដែលស្ថិតនៅភាគកណ្តាល និងភាគខាងត្បូង ប្រទេសអ៊ីរ៉ាក់។ ជាមួយគ្នានេះការឆ្លងព្រំដែនជាប់ប្រទេសអ៊ីរ៉ង់ ក៏ត្រូវបានផ្អាកផងដែរ។

ក្នុងនោះ ក្រុមបាតុករទាំងនេះនាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារឲ្យរំលាយរដ្ឋាភិបាល និងសម្ដែងការខឹងសម្បារ ចំពោះអំពើពុករលួយ, វិបត្តិគ្មានការងារធ្វើ ព្រមទាំងទាមទារជីវិតរស់នៅតាមបែបស្ដង់ដារសមរម្យ៕

ប្រភព៖ BBC