មហាជននិងបណ្តាអ្នកសិល្បៈជាច្រើននាក់ សោកស្តាយចំពោះមរណភាពរបស់អតីតតារាកំប្លែង នាយ សានម៉ៅ
កម្សាន្ត
882

ភ្នំពេញ៖ នៅវេលាម៉ោង៣ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ សពតារាកំប្លែង នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ សូមបងប្អូនទៅជូនដំណើរគាត់ជាលើកចុងក្រោយផង។

គួរបញ្ជាក់ថា អតីតតារាកំប្លែង នាយ សាន ម៉ៅ បានទទួលមរណៈភាព កាលពីវេលារម៉ោង៦រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នៅមន្ទីពេទ្យនៅខេត្ត អ៊ូប៊ុន ប្រទេសថៃ។

ការទទួលមរណៈភាពរបស់ នាយ សានម៉ៅ នាពេលនេះ បានធ្វើឲ្យមហាជន និងបណ្តាអ្នកសិល្បៈ មានអារម្មណ៍សោកសៅ ក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព និងជាការបាត់បង់ធនធានមនុស្សដ៍មានទេពកោសល្យ ហើយមុនពេលចូលសម្តែងកំប្លែងលើឆាក និងក្នុងភាពយន្តនោះ នាយសានម៉ៅ គឺជាសិល្បករផ្នែកល្ខោនបាសាក់នៅក្នុងវង់មួយនាតំបន់ព្រែកប្រា។

តារាកំប្លែងលោក ធូ ចំរ៉ុង ហៅ សាន ម៉ៅ ជាតារាកំប្លែងមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា ដោយលោកមានជំងឺបេះដូងចំហរ និងហើមសួត ថែមទាំងធ្លាប់បានវះកាត់បំពង់ករហូតនិយាយលែងកើត ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនាប្រទេសថៃបន្ត ប៉ុន្តែការព្យាបាលមិនទទួលបានលទ្ធផលល្អនោះទេ រហូតទទួលមរណៈភាពបែបនេះ ៕