រថយន្តហ៊ីយ៉ាន់ដាយ វ៉ាជែងជ្រុលទៅបុករថយន្តសាំងយ៉ុងពេញទំហឹង បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ នៅតាមបណ្តោយផ្លូវជាតិលេខ១
ព័ត៌មាន
971

កណ្ដាល៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង​ បណ្តាលឲ្យ៦នាក់របួសធ្ងន់ស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង ៩និង៣៥នាទីព្រឹកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ត្រង់ចំណុច ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំ ពណ៌ខៀវ ពាក់ស្លាក់លេខ ស្វាយរៀង 3A-0909 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានគេចរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាក ក៏រេចង្កូតបុករថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-4140 មិនស្គាល់អត្តសញ្ញាណរបួសធ្ងន់ មានអ្នករួមដំណើរចំនួយ ៦នាក់រងរបួសស្រាលធ្ងន់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សមត្ថកិច្ចសន្និដ្ឋានថា៖ ករណីនេះដោយសារអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន និងមិនមើលស្ថាភាពផ្លូវខាងមុខ៕