ឧត្តមសេនីយ៍ត្រី អេង ហ៊ី ចេញសេចក្តីបំភ្លឺ លើករណីជម្លោះរវាងមេបញ្ជាការ និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត
ព័ត៌មាន
2.5K

ភ្នំពេញ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជនជ្រាបអំពីព័ត៌មានលើករណីជម្លោះរវាងមេបញ្ជាការ និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត ខេត្តបាត់ដំបង។

ដំណើររឿងគឺមិនពិតដូចសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយកន្លងទៅនោះទេ។

យោងតាមការរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការខេត្តបាត់ដំបង គឺរឿងនេះកើតឡើងដោយសារលោកអនុសេនីយ៍ឯក ឈឿង សុផាត បានប្រព្រឹត្តឱ្យមានកំហុស និងល្មើសវិន័យកងទ័ព ហើយលោកវរសេនីយ៍ត្រី ជួប ណូ បានសួរនាំអំពីកំហុសនោះ បែរជាលោកអនុសេនីយ៍ឯក ឈឿង សុផាត ចូលទៅវាយលោកវរសេនីយ៍ត្រី ជួប ណូ ខណៈនោះលោកអនុសេនីយ៍ឯក ឈឿង សុផាត ស្រវឹងស្រាផងដែរ។

ចំពោះរបួសនោះមិនមែនលោកវរសេនីយ៍ត្រី ជួប ណូ យកសោរចាក់ភ្នែកទេ គឺមានសាក្សីឃើញពេលវាយតបនោះ។

រឿងនេះក៏មានការសម្របសម្រួលតាំងពីពេលកើតហេតុភ្លាមៗ ព្រោះជារឿងផ្ទៃក្នុង។

ក្នុងនោះឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏បាន សូមទោសដែលមិនបានបកស្រាយជូនភ្លាមៗអំពីរឿងនេះ ដោយសារជារឿងផ្ទៃក្នុងអង្គភាពទ័ព។ បើករណីធ្ងន់ធ្ងរយើងនឹងអនុវត្តតាមច្បាប់ហើយ។

ទោះយ៉ាងណា លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទស បានបញ្ជាឱ្យមានការត្រួតពិនិត្យម៉ត់ចត់ចំពោះករណីនេះ ដើម្បីបង្ហាញការពិតអ្នកដែលប្រព្រឹត្តនូវកំហុសឆ្គង ត្រូវទទួលទណ្ឌកម្មវិន័យកងទ័ព។

សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕