រថយន្តBMWបើកដោយជនជាតិចិន វ៉ាជែងគេឯងមិនប្រុងប្រយ័ត្នក៏ជ្រុលទៅប៉ះរថយន្តមួយគ្រឿងទៀងរងការខូចខាត
ព័ត៌មាន
140

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយជនជាតិចិន ក្នុងល្បឿនយ៉ាងលឿនបានវ៉ាជែង មិនប្រយ័ត្នក៏ជ្រុលប៉ះ រថយន្ដមួយគ្រឿងបណ្តាលឲ្យដាច់កញ្ចក់មើលក្រោយមួយចំហៀង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចខាងកើតសណ្ឋាគារប្រេស៊ូដង់ តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសពីរនាក់ បើកបររថយន្តមួយគ្រឿង ម៉ាកកាម័រីបាលែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-2899 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវកម្ពុជាក្រោម លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក BMWX6 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-1099 បើកបរដោយបុរសជាជនជាតិចិនម្នាក់ មកតាមពីក្រោយស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿន ហើយព្យាយាមវ៉ាជែងខាងឆ្វេងរថយន្តបាលែន ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅប៉ះ ចំកញ្ចក់មើលក្រោយរថយន្តបាលែនចំហៀងខាងឆ្វេង បណ្ដាលឲ្យបែករងការខូចខាត។ ចំណែកឯរថយន្តបង្ករបស់ជនជាតិចិន បានរងការខូចខាតរលត់ថ្នាំរថយន្ដមួយឆ្នូតចំហៀងខាងស្តាំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់និងឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កចេញសំណងចំនួន១០០ដុល្លារ ទៅឲ្យភាគីរថយន្តបាទ្បែនដើម្បីបញ្ចប់រឿង ៕