ក្រុមអ្នកជំនាញ​ព្រមានថា ពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំង​ នៃជំងឺរាតត្បាតដែលអាចសម្លាប់មនុស្សរាប់លាននាក់
ព័ត៌មានអន្តរជាតិ
1.03K

បរទេស៖ ក្រុមអ្នកជំនាញអន្តរជាតិ បានព្រមានថា ពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃជំងឺរាតត្បាតដែលអាចសម្លាប់មនុស្សរាប់លាននាក់ និងបង្កការបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

ក្រុមប្រឹក្សាត្រួតពិនិត្យ ការត្រៀមលក្ខណៈជាសកល (GPMB) ដែលត្រូវបានកោះហៅដោយធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក​(WHO) បានព្រមានថា ជំងឺដែលងាយនឹងឆ្លងរាលដាលដូចជា ជំងឺអេបូឡា ជំងឺ​ផ្តាសាយ និងជំងឺ​SARS កំពុងមានការលំបាកក្នុងការគ្រប់គ្រងនៅលើពិភពលោក​​។

គួរជម្រាបថា អ្នកជំនាញនេះបាននិយាយនៅក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយនៅពីថ្ងៃពុធនេះថា៖«​ ការគំរាមកំហែងនៃជំងឺរាតត្បាតដែលរីករាលដាលពាសពេញពិភពលោកគឺជាការពិត»។ ភ្នាក់ងារបង្កជំងឺដែលមានដំណើរវិវឌ្ឍន៍លឿនមានសក្តានុពលក្នុងការសម្លាប់​មនុស្សរាប់សិបលាននាក់ ដែលរំខានដល់សេដ្ឋកិច្ចនិងធ្វើឲ្យអស្ថិរភាពសន្តិសុខជាតិ។

យ៉ាងណាមិញ របាយការណ៍បាននិយាយថា ខណៈដែលរដ្ឋាភិបាលនិងទីភ្នាក់ងារអន្តរជាតិមួយចំនួន បានខិតខំប្រឹងប្រែងប្រុងប្រយ័ត្ននិងត្រៀមសម្រាប់ការផ្ទុះជំងឺដ៏ធំចាប់តាំងពីការផ្ទុះឡើងនៃជំងឺអេបូឡានៅអាហ្វ្រិកខាងលិចការខិតខំទាំងនោះមិនគ្រប់គ្រាន់ទេ។

ក្នុងនោះ លោក Axel van Trotsenburg នាយកស្តីទីនៃធនាគារពិភពលោកនិងជាសមាជិកគណៈកម្មាធិការ បាននិយាយថា​« ភាពក្រីក្រ​​និងការធ្វេសប្រហែស កាន់តែធ្វើឲ្យផ្ទុះឡើងនូវជំងឺឆ្លង​»។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក(WHO) ក៏បានព្រមាន កាលពីដើមឆ្នាំនេះដែរថា ជំងឺរាតត្បាតមួយទៀតដែលបណ្តាលមកពីវីរុសក្នុងខ្យល់ គឺមិនអាចចៀសផុតបានទេ ហើយ​ពិភពលោកគួរតែត្រៀមសម្រាប់ជំងឺនេះ៕

ប្រភព៖ Channel News Asia