ផែនដីនឹងកើនឡើងកម្តៅរហូតដល់​«៧អង្សាសេ»​បន្ថែមទៀតនៅឆ្នាំ២១០០ បើសិនជានៅបន្តបំផ្លាញបរិស្ថាន​
ព័ត៌មានអន្តរជាតិ
342

​បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃអង្គារសប្តាហនេះថា គំរូសិក្សាថ្មីអំពីអាកាសធាតុភពផែនដីបានបង្ហាញថា ឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញទៅក្នុងបរិយាកាស តាមរយៈចំហេះឥន្ធនៈផូស៊ីល កំពុងធ្វើឲ្យភពផែនដីកើនឡើងកម្តៅឆាប់រហ័ស ជាងការរំពឹកទុកនាពេលកន្លងមកទៅទៀត។ នេះបើតាមការចេញផ្សាយ​ពីសារព័ត៌មាន Japan Times នៅព្រឹកថ្ងៃ​​ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមគំរូសិក្សាអាកាសធាតុរបស់ មជ្ឈមណ្ឌលស្រាវជ្រាវនាំមុខគេចំនួនពីរ នៅឯប្រទេសបារាំងបានបង្ហាញថា រយៈពេលរហូតដល់ឆ្នាំ២១០០ កម្រិតសីតុណ្ហភាពជាមធ្យមនៅលើផែនដីអាចកើនឡើង ៦.៥ ទៅ ៧.០អង្សាសេបន្ថែមពីលើសីតុណ្ហភាពនាពេលបច្ចុប្បន្ននេះ ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​នៅតែបន្តក្នុងកម្រិតបច្ចុប្បន្ន ដោយគ្មានការកាត់បន្ថយទេនោះ។ ការព្យាករណ៍នេះគឺមានកម្រិតខ្ពស់ជាងការព្យាករណ៍ កាលពីប៉ុន្មានឆ្នាំមុន។

លើសពីនេះទៅទៀត គំរូសិក្សាថ្មីដដែលនោះថែមទាំងបានលើកឡើងថា គោលដៅនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ស្តីពីការកំណត់យ៉ាង ណាឲ្យកំណើនសីតុណ្ហភាពពិភពលោកនៅក្រោម ២អង្សាសេ ឬនៅត្រឹម ១.៥អង្សាសេបើអាចទៅរួចនោះ ក៏នឹងកាន់តែពិបាកក្នុងការសម្រេចឲ្យបានផងដែរ។

គួរបញ្ជក់ថា បើតាមគំរូសិក្សាអាកាសធាតុជាច្រើនកាលពីឆ្នាំ២០១៤ បានបង្ហាញថា កម្រិតសីតុណ្ហភាពលើភពផែនដីនឹងកើន «៣អង្សាសេ» បន្ថែមនៅពេលដល់ឆ្នាំ២១០០ ឬកើនត្រឹមយ៉ាងហោច ២អង្សាសេ ប្រសិនបើកិច្ចប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការ បញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតទទួលបានជោគជ័យ​៕

ប្រភព៖ Japan Times ​