ទី​បំផុត!! ​កៅអី​អង្គុយ​កីឡាករនិងទស្សនិកជន​នៅ​ស្ដាត ​ត្រៀម​កែ​លម្អ​ហើយ​

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកិច្ចប្រជុំនេះបានពិភាក្សាលើ​របៀបវារៈដូចខាងក្រោម៖

១. រចនាសម្ព័ន្ធនៃអគ្គលេខាធិការដ្ឋានរបស់ ស.ប.ក។

២. ហេដ្ឋារចនាសម្ព័ន្ធទីលានបាល់ទាត់ នៅតាមខេត្តដែលបានកំពុងសាងសង់ និងគ្រោងសាងសង់។

៣. ការត្រៀមកែលម្អ និងសំណើរទៅកាន់ក្រសួងសេដ្ឋកិច្ច សម្រាប់ការគាំទ្រហិរញ្ញវត្ថុ​ ដើម្បីរៀបចំកៅអីអង្គុយរបស់​ទស្សនិកជន​ និងកៅអីបច្ចេកទេសរបស់កីឡាករ អាជ្ញាកណ្ដាល​ និង កម្រិតពន្លឺនៅពហុកីឡដ្ឋានជាតិ ដើម្បីឱ្យស្របតាមលក្ខណស្តង់ដាបច្ចេកទេសរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA )​និង​ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC)។

ប៉ុន្មានឆ្នាំនេះដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះការប្រកួត​ FIFA ឬ AFC ហេដ្ឋារចនាសម្ព័ន្ធរបស់ពហុកីឡដ្ឋានជាតិយើង គឺមិនទាន់សមស្របទៅនឹងលក្ខណៈល្អគ្រប់គ្រាន់នៅឡើយទេ តែដើម្បីឱ្យបងប្អូនអ្នកគាំទ្រ​វិស័យបាល់ទាត់នៅកម្ពុជាយើងបានចូលរួមទស្សនាផ្ទាល់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន​ស្នើរសុំអោយមានការយោគយល់ពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA )​ និង​សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ព្រោះបើតាមលក្ខខណ្ឌគឺ​ តំបន់ក្នុងកីឡដ្ឋានដែលមិនមានកៅអីអង្គុយត្រឹមត្រូវ គឺមិនអនុញ្ញាតឱ្យលក់សំបុត្រឱ្យទស្សនិកជនចូលមើលការប្រកួតឡើយ។

ដូច្នេះក្នុងស្ថានភាពដែលកម្ពុជាប្រឈមក្នុងពេលបច្ចុប្បន្ន សហព័ន្ធបានស្នើរសុំលក់សំបុត្រ ដើម្បីអោយបងប្អូនអាចចូលទស្សនាគាំទ្រក្រុមជម្រើសជាតិ៕

«ទាំងអស់គ្នាដើម្បីកម្ពុជា»!!


ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា