ចង់គុំនំចាស់ យកកូនកាំបិតប៉ងចាក់សម្លាប់ជនរងគ្រោះកំពុងដេកក្រោមផ្ទះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន!
ព័ត៌មាន
476

ខេត្តតាកែវ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង១១និង០០នាទី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ មុត សុខ ហៅ ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មដែលប្រព្រឹត្តនៅវេលាម៉ោង២២និង០០នាទី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

តាមរបាយការណ៍បឋមរបស់ អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានឱ្យដឹងថា នៅវេលាកើតហេតុជនសង្ស័យខាងលើ មានប្រដាប់ដោយកូនកាំបិទកាន់ដៃទាំងសងខាងបានចូលទៅចាក់ជនរងគ្រោះ នៅក្នុងផ្ទះជនរងគ្រោះខណៈពេលជនរងគ្រោះដេកក្រោមផ្ទះតែពុំបានសម្រេចដោយជនរងគ្រោះដឹងខ្លួនទាន់ ហើយបានស្គាល់ជនសង្ស័យ(ផ្ទះទល់មុខគ្នា)ក៏ស្រែក ភ្លាមនោះជនសង្ស័យបានហក់ចាក់ទៅលើជនរងគ្រោះ តែជនរងគ្រោះគេចទាន់ហើយជនសង្ស័យក៏បានរត់គេចចេញពីកន្លែងកើតហេតុបាត់ដោយ បន្សល់ទុកកូនកាំបិតចុងស្រួតមួយជាប់នឹងម៉ុងរបស់ជនរងគ្រោះ។

ក្រោយពីបានទទួលពាក្យបណ្តឹងភា្លម កម្លាំងជំនាញបានចុះទៅកាន់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើបាននៅនឹងផ្ទះរបស់ខ្លួន ព្រមទាំងដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់តូចផងដែរ។

មូលហេតុដែលឈានដល់កើតជាករណីខាងលើនេះគឺបណ្តាលពីរឿងគំនុំចាស់និងជនសង្ស័យជាមនុស្សញៀនថ្នាំផង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕