​ស្លាប់មនុស្ស១២នា​ក់ និងបាត់ខ្លួនរាប់សិបនាក់ ​ករណីក្រឡាប់លិចទូកទេសចរណ៍មួយគ្រឿង​នៅឥណ្ឌា
ព័ត៌មានអន្តរជាតិ
1.01K

បរទេស៖ ​យ៉ាងហោចណាស់​មនុស្ស​១២នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីទូកទេសចរណ៍មួយគ្រឿងបានក្រឡាប់លិចនៅលើទន្លេឥណ្ឌា កាលពីថ្ងៃអាទិត្យ (១៥​កញ្ញា) ខណៈក្រុមអ្នកជួយសង្គ្រោះបានស្វែងរកអ្នករស់រានមានជីវិត។ នេះបើតាមការចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

ទូកទេសចរណ៍មានឈ្មោះ Royal Vashishta បានដឹកមនុស្សចំនួន​៦៣ នាក់ ដែលភាគច្រើនជាអ្នកទេសចរទៅកន្លែងកម្សាន្តនៅឯទន្លេ Godavari ក្នុងរដ្ឋ​Andhra Pradesh ភាគអាគ្នេយ៍ប្រទេសឥណ្ឌា។

ប៉ូលិសបានប្រាប់សារព័ត៌មាន Trust of India ថា សាកសពប្រហែល​១២នាក់ ត្រូវបានគេរកឃើញ ហើយមនុស្ស​១៧ នាក់ត្រូវបានជួយសង្គ្រោះ។

ប៉ុន្តែ មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌាមិនទាន់បញ្ជាក់លម្អិតពីមូលហេតុ ដែលបណ្ដាលឱ្យទូកខាងលើលិចនៅឡើយទេ ខណៈមានសេចក្ដីរាយការណ៍ខ្លះអះអាងថាទូកនេះមិនមាន អាជ្ញាប័ណ្ណ ឬការអនុញ្ញាតឱ្យដឹកភ្ញៀវទេសចរនោះទេ។

គួរជម្រាបថា ​ក្រុមអ្នកជួយសង្រ្គោះជាង ៣០០នាក់ នៅតែបន្តប្រតិបត្តិការ ជួយសង្រ្គោះដោយមានការគំាទ្រពីទូកជាច្រើនគ្រឿង និងឧទ្ធម្ភាគចក្រ មួយគ្រឿងផងដែរ៕

ប្រភព៖ Channel News Asia