​អាមេរិក៖​«​​ការវាយប្រហារលើមូលដ្ឋានប្រេងអារ៉ាប៊ីសាអូឌីត គ្មាននរណាផ្សេងក្រៅពីអ៊ីរ៉ង់ឡើយ»
ព័ត៌មានអន្តរជាតិ
524

បរទេស៖ ការវាយប្រហារលើមូលដ្ឋានប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទំនងជាស្នាដៃរបស់អ៊ីរ៉ង់ទៅវិញទេ ហើយអាវុធដែលត្រូវបានប្រើប្រាស់គឺមិនមែនដ្រូនឡើយ តែអាចជាមីស៊ីលចង្អុលទិសទៅវិញ នេះបើតាមមន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយ​។ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

មន្រ្តីអាមេរិកបានលើកឡើងថា យោងតាមភស្តុតាងនៅកន្លែងកើតហេតុ ទិសដៅនៃប្រភពវាយប្រហារ គឺចេញមកពីម្តុំៗតំបន់ខាងលើអារ៉ាប៊ីសាអូឌីត រួមមានអ៊ីរ៉ាក់ និងអ៊ីរ៉ង់ មិនមែនចេញមកពីភាគខាងត្បូង ដែលជាប្រទេសយេម៉ែននោះឡើយ។ បើតាមមន្រ្តីអាមេរិករូបនោះ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានក៏អះអាងដែរថា ពួកគេទំនងជាបានឃើញសញ្ញានៃការប្រើប្រាស់មីស៊ីលចង្អុលទិស នៅក្នុងការវាយប្រហារនោះ។

មន្រ្តីអាមេរិកក៏បានចោទប្រកាន់ចំៗតែម្តងថា គ្មាននរណាផ្សេងឡើយក្រៅពីអ៊ីរ៉ង់ ដែលនៅពីក្រោយរឿងនេះ ខណៈទីក្រុងតេហេរ៉ង់បានចេញមុខច្រានចោលការចោទប្រកាន់​នេះ ប៉ុន្តែបាននិយាយថាវាបានត្រៀមរួចរាល់សម្រាប់សង្គ្រាម​។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មូលដ្ឋានប្រេងចំនួន២កន្លែងរបស់ក្រុមហ៊ុនប្រេងរដ្ឋ អារ៉ាមកូ (Aramco) នៅភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត បានរងការឆាបឆេះដោយសារការវាយប្រហារ ដែលគ្រានោះអារ៉ាប៊ីសាអូឌីតអះអាងថា ធ្វើឡើងដោយយន្តហោះដ្រូន តែមិនបានដាក់ការសង្ស័យលើក្រុមណាជាអ្នកប្រព្រឹត្តឡើយ។ ក្រោយមកក្រុមឧទ្ទាម ហួធី (Houthi) នៅប្រទេសយេម៉ែនក៏បានចេញមុខប្រកាសថា វាជាស្នាដៃរបស់ពួកគេ តាមរយៈការប្រើយន្តហោះដ្រូនប្រមាណ ១០គ្រឿង។

អ្វីដែលគួរឲ្យកត់សម្គាល់ ប៉ុន្មានខែចុងក្រោយនេះក្រុមឧទ្ទាម Houthi បានប្រើដ្រូនវាយប្រហារលើព្រលានយន្តហោះ និងមូលដ្ឋានប្រេងរបស់អារ៉ាប៊ីសាអូឌីតជាបន្តបន្ទាប់។ ដោយឡែកជុំវិញការលើកឡើងរបស់ អាមេរិកខាងលើនេះ គឺមិនទាន់មានភស្តុតាងណាមួយអមមកជាមួយនោះឡើយ៕​

ប្រភព៖ Channel News Asia

អានបន្ត៖ អ៊ីរ៉ង់ព្រមានថា ត្រៀមខ្លួនរួចជាស្រេច​ បើសង្រ្គាមផ្ទុះឡើង មូលដ្ឋានទ័ព​និងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក កុំ​ថាគេចរួចពីមីស៊ីលរបស់យើង