ឯកឧត្តម ហង់ជួន ណារ៉ុន បើកកិច្ចប្រជុំមួយស្តីពីការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡងបាក់ឌុបនៅរសៀលនេះ
ព័ត៌មាន
2.32K

ភ្នំពេញ៖ យោងតាមការបង្ហោះរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានឲ្យដឹងថាទាំងស្រុងថា ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្តីការក្រសួងអប់រំ យុវជន និងកីឡា មានបើកកិច្ចប្រជុំមួយស្តីពីការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩ សីហា ២០១៩ ក្រោមអធិបតីភាពរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញពាក់ព័ន្ធ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះយន្តការ នីតិវិធី​ និងវិធានការនានាដែលបានដាក់អោយអនុវត្តនៅក្នុងដំណើរការប្រឡងនូវគ្រប់ដំណាក់កាលទាំងអស់ (ដំណាក់កាលសំណេរ កំណែ ស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងប្រកាសលទ្ធផល)។

អង្គប្រជុំបានសម្រេចអនុញ្ញាតឲ្យគណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន ចាប់ផ្តើមពិនិត្យពាក្យតវ៉ា និងអនុវត្តតាមបំណែងចែកភារកិច្ច។

ឯកឧត្តម បណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ការពិនិត្យនិងដោះស្រាយការតវ៉ារបស់បេក្ខជននេះ គឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាឱ្យបាននូវគោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕