បុរសម្នាក់ហូបមីឆាជាមួយកូនហើយ មិនស្រួលខ្លួន បានមួយសន្ទុះស្រាប់តែស្លាប់តែម្តង
ព័ត៌មាន
2.88K

កណ្តាល៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងបន្ទប់ស្នាក់នៅ ក្នុងកាស៊ីណូម្កុដពេជ្រ ផ្អើលសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីយប់ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច បន្ទប់ស្នាក់នៅក្នុងកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផន ប៊ុនធី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអគ្គិសនី ស្នាក់នៅជាមួយកូនស្រីឈ្មោះ ម៉ុល ថៃណា អាយុ១២ឆ្នាំ ក្នុងកាស៊ីណូម្កុដពេជ្រ មានទីលំនៅភូមិព្រែកឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល និងមានប្រពន្ធឈ្មោះ ពៅ សុខខេង អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ផង ប៊ុនធី បានជិះម៉ូតូចេញទៅមុខកាស៊ីណូម្កុដពេជ្រ ចាំទទួលកូនស្រីចេញពីរៀន ក្រោយពីទទួលកូនរួចបានយកសម្ភារៈទុកក្នុងបន្ទប់ស្នាក់នៅរួចបាននាំកូនស្រីទៅហូបអាហារនៅផ្ទះបាយក្នុងកាស៊ីណូដោយ២នាក់ឪពុកកូនហូបមីឆា លុះហូបរួចនៅម៉ោងប្រហែល៩និង៣០នាទីយប់ ជនរងគ្រោះបាននាំកូនមកបន្ទប់គេង ចំណែកកូនស្រីបានអង្គុយរៀនរហូតដល់ម៉ោងប្រហែលជា១១ជាង កូនស្រីបានឃើញសភាពឪពុកមានអាការៈឡេះឡះ មានដង្ហើមដង្ហក់ ពេលនោះកូនស្រីក៏បានទៅរឹតទ្រូងនិងច្របាច់ធ្វើចលនាឲ្យឪពុក ហើយបានសួរឪពុកថា៖ យកប្រេងកូឡាលាបអត់ប៉ា តែជនរងគ្រោះពុំបានឆ្លើយតបទេ គ្រាន់តែគ្រវី ក្បាលប្រហែលជា២០នាទីដោយឃើញឪពុកលែងដឹងខ្លួន កូនស្រីក៏បានរត់ទៅហៅមេកាកាស៊ីណូឈ្មោះ កុយ ថន ភេទប្រុស អាយុ៥២ឆ្នាំ ឲ្យមកជួយមើលឪពុករបស់ខ្លួន ពេលដែលមេការបានមកដល់ បានស្ទាបមើលនិងពិនិត្យដង្ហើមជនរងគ្រោះឃើញថាមិនមានដង្ហើមទេហើយមេការ បានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុក ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យទៅលើសាកសព

មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ និងធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕