ហ៊ានពេកគុកចឹង!!! ស្រ្តីម្នាក់ធ្វើសកម្មភាពឆក់ខ្សែក ខណៈជនរងគ្រោះកំពុងទិញម្ហូប តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បានប្រគល់ឲ្យសមត្ថកិច្ច
ព័ត៌មាន
2.01K

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានបញ្ជូនឲ្យសមត្ថកិច្ចឃ្មួញ ក្នុងករណីលួច(លួចយកខ្សែក) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង២១ និង៥០ នាទី ស្ថិតនៅចំណុច រោងកម្មករ ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ណាត សុខឃើយ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារបាត់បង់៖ ខ្សែក០១ខ្សែទម្ងន់មួយតម្លឹងកន្លះ។

ចំណែកជនសង្ស័យមានឈ្មោះ គឹម ភក្ត្រ័ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងទិញបាយនិងម្ហូបនៅចំណុចខាងលើ ស្រាប់តែជនសង្ស័យ មកជិតជនរងគ្រោះ បានធ្វើសកម្មភាពឆក់យកខ្សែក ពីជនរងគ្រោះ តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ ស្រែកថាចោរៗបណ្តាលឲ្យភ្ញាក់ផ្អើលនិង នាំគ្នាដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹង លើជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕