រន្ធត់ណាស់! បុរស២នាក់ ត្រូវរថយន្តក្រុងដឹកអ្នកដំណើរបើកបុកផ្តាច់ជីវិតភ្លាមៗ នៅស្រុកពញាឭ ខេត្តកណ្តាល
ព័ត៌មាន
915

កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងរវាងរថយន្តក្រុងដឹកអ្នកដំណើរ បុកម៉ូតូបណ្តាលឲ្យបុរសពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង១៤ នាទី​ ស្ថិតនៅលើផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ ២៦-២៧ ក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល ។

គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយ មនុស្សចំនួន០២នាក់ស្លាប់មានឈ្មោះ៖អ្នកបើកបរម៉ូតូមានឈ្មោះ ផាន់ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ និងអ្នករួមដំណើរមានឈ្មោះ សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិត្រពាំងប្រសប់ ឃុំរាម ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស+ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-6341 ប្រភេទរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន(ភ្នំពេញ ពេញចិត្ត)បើកបរក្នុងទិសដៅពីត្បូងទៅជើង(ភ្នំពេញ-កំពង់ឆ្នាំង) លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាក HONDA Dream 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1K-4596 ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា ពេញទំហឹង បណ្តាលឲ្យស្លាប់ភាគីម៉ូតូយ៉ាងរន្ធត់ ភ្លាមៗអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់​។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែងកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សព ជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯមធ្យោបាយ ពាក់ព័ន្ធបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាតការតាមនីតិវិធី ៕