ប្រធានាធិបតីអ៊ីរ៉ង់៖​«ការស្រេកឃ្លាន​សង្រ្គាមរបស់​​អាមេរិកប្រឆាំងមកលើអ៊ីរ៉ង់ នឹងទទួលបរាជ័យ»
ព័ត៌មានអន្តរជាតិ
359

​បរទេស៖ ​បើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ថា​ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់រូហានី(Hassan Rouhani) នាថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា ការស្រេកឃ្លានចង់បានសង្រ្គាមរបស់​សហរដ្ឋអាមេរិកនឹងទទួលបរាជ័យ ខណៈអ៊ីរ៉ង់បានស្វាគមន៍ការបណ្តេញទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន(John Bolton)​ចេញពីតំណែង ​​ហើយស្របពេលជាមួយគ្នា លោកបានព្រមានថា នឹងកាន់តែបន្ថយការគោរពចំពោះកិច្ច​ព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថែមទៀត។ ​

លោក Rouhani ក៏បានច្រានចោលនូវទស្សនវិស័យនៃជំនួបជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅពេលដែលរដ្ឋបាលអាមេរិករបស់លោកកំពុងបន្តដាក់ទណ្ឌកម្មដែលធ្វើឱ្យប៉ះពាល់ដល់សាធារណរដ្ឋអ៊ីស្លាម។

យោងតាមការផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នាថ្ងៃពុធនេះ លោករូហានី បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់លោកថា «អាមេរិកត្រូវតែយល់ឲ្យច្បាស់ថា ការស្រឡាញ់និងស្រេកឃ្លានចង់បានសង្រ្គាម គឺមិន​អាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ»។

លោកនិយាយ​សំដៅលើការដាក់ទណ្ឌកម្មរបស់អាមេរិក និងបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ថា​ «ខណៈសត្រូវបានដាក់សម្ពាធជាអតិបរមាមកលើយើង ពួកយើងត្រូវបានឆ្លើយតប តាមរយៈការតស៊ូជម្នះ»។ ​

​​គួរជម្រាបថា លោក Bolton ត្រូវគេស្គាល់ថា ជាអ្នកនយោបាយអាមេរិកសង្រ្គាមនិយម ដោយ​​រូបលោកនេះហើយ គឺជាបុគ្គលដ៏សំខាន់ ដែលបានជំរុញឲ្យអតីតប្រធានាធិបតីអាមេរិកលោក ចន ដាប៊ែលយូ ប៊ូស ចូលឈ្លានពានប្រទេសអ៊ីរ៉ាក់នៅឆ្នាំ២០០៣។

លោក Bolton ត្រូវបានតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។ មុនលោក Bolton មានបុគ្គលពីរនាក់​ទៀតធ្លាប់កាន់តួនាទីនេះ ក្រោមរដ្ឋបាលលោក ត្រាំ គឺលោក Michael Flynn (ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧) និងលោក H. R. McMaster (ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨)៕

ប្រភព៖ Channel News Asia