ពលរដ្ឋព្រួយបារម្ភរឿងជីវភាព ខណៈកំណើនភ្ញៀវ​ទេសចរ​បរទេស មកទស្សនាប្រាសាទអង្គរវត្តមានការធ្លាក់ចុះខ្លាំង ចំណែកផ្លូវវិញ ក្រុងបុរាណហើយ ផ្លូវកាន់តែបុរាណទៀត បែកភក់ជ្រាំឡើងវ៉ុល
ព័ត៌មាន
2.08K

សៀមរាប៖ ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យ​នៃប្រទេស ក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យា នៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្ត ​តាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

តាមរយៈវប្បធម៌ដ៍ល្អឯករបស់ប្រទេសកម្ពុជា ជាពិសេសនោះគឺ សៀមរាបអង្គរ ជារៀងរាល់ឆ្នាំតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។

ដោយឡែក២ឆ្នាំចុងក្រោយនេះ ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប បានលើកឡើងថា ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​តំបន់​អង្គរមានការ​ធ្លាក់​ចុះ​ខ្លាំង ដែលធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋ មានការភ័យ​ព្រួយ​ ពី​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ និងថែមទាំងបង្ក​​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​តំបន់ផងដែរ ជាក់ស្តែងសូម្បីតែ មគ្គទេសក៍​ទេសចរ អ្នកលក់វត្ថុអនុស្សាវរីយ៍ ម្ចាស់ហាងបាយផ្សេង នៅក្នុងតំបន់អង្គរ ក៏មានការភ័យព្រួយចំពោះបញ្ហានេះផងដែរ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា អ្នកទេសចរ​បរទេស​ទៅ​ទស្សនា​តំបន់​អង្គរ បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង ៧​ភាគរយ រយៈពេល ៥​ខែ​នៅ ដើម​ឆ្នាំ​២០១៩។ អ្នកទេសចរ​ប្រមាណ​ជាង ១​លាន បាន​មក​ទស្សន​តំបន់​អង្គរ​ចាប់ពី​ខែ​មករា ដល់​​ខែ​ឧសភា ឆ្នាំ ២០១៩ គឺ​ធ្លាក់​ចុះ​ប្រមាណ ៧ ក្បៀស ៣ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨។

ដោយឡែកក្រៅពីការធ្លាក់ចុះភ្ញៀវទេសចរហើយនោះ សូម្បីតែស្ថានភាពផ្លូវក្នុងក្រុងសៀមរាប ក៏មានការខូច​បែក​ភក់ល្បាប់ ផងដែរ រហូតដល់ពលរដ្ឋខ្លះលើកឡើងថា ក្រុងបុរាណ តែផ្លូវវិញបុរាណជ្រុល ពោលគឺសុទ្ធតែភក់បែកវ៉ុលតែម្តង ដោយពួកគាត់ដែលជាប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប សូមណូមពរ និងជំរុញ​ប្រធាន​មន្ទីរ​សាធារណៈ​ខេត្ត​សៀមរាប ដែល​ទើបតែ​ត្រូវ​បាន​តែងតាំង​ថ្មី ក៏ដូចជាលោកអភិបាលខេត្តសៀមរាប សូមមេត្តា​យកចិត្តទុកដាក់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ឱ្យ​មាន​គុណភាព​ឡើងវិញផង ព្រោះផ្លូវលំ​ក្នុង​ក្រុង​ជាច្រើន​ខ្សែ ដែល​ជា​តំបន់​ទីប្រជុំជន ខូច​បែក​ភក់ល្បាប់ជ្រាំ​នៅ​រដូវវស្សា និង​ហុយ​ធូលី​ដី​នៅ​រដូវប្រាំង លំបាក​ធ្វើដំណើរ​ជាច្រើន​ឆ្នាំ​មក​ហើយ ដែលពួកគាត់អះអាងថា ប្រៀបដូចជាជំងឺរ៉ាំរ៉ៃ ព្យាបាលមិនជា ៕