រថយន្តហាយឡែនឌ័រមួយគ្រឿង បោះពួយលឿនជ្រុលទៅបុកខឿនផ្លូវ រួចបន្តទៅបុកហាងលក់ទូរស័ព្ទដៃមួយកន្លែងទម្លុះក្បាលរថយន្តមួយកំណាត់មុខចេញមកម្ខាងទៀត និងដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច
ព័ត៌មាន
429

ភ្នំពេញ៖ បុរសពីរនាក់បើករថយន្ត១គ្រឿង បុកខឿនចែកទ្រូងផ្លូវពេញទំហឹងនិងបន្តបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋលក់ ទូរស័ព្ទ បណ្ដាលឲ្យរងការខូតខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង២៥ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកមាស មិនមានស្លាកលេខ បើកដោយបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត ក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរពីលិចទៅកើតតាមបណ្តោយផ្លូវ២១៧។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតបែក៣ដុំ ខណ:ដែលរថយន្តមិនទាន់អស់ល្បឿន បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកជញ្ជាំងផ្ទះលក់ ទូរសព្ទ័ដៃយីហោ (ខេម មួយអ៊ី) ពេញទំហឹង ទម្លុះក្បាលរថយន្តមួយកំណាត់មុខចេញមកម្ខាងទៀត និងដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងនិងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងកាដ្ឋាន រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕