ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ខ្ទាតចូលក្រោមរថយន្តធនធំកិនស្លាប់ភ្លាមៗនៅស្រុក​អង្គរជ័យ
ព័ត៌មាន
2.12K

កំពត៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍មួយរវាង​ម៉ូតូ​និង​ម៉ូតូ​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​បណ្តាល​ឲ្យ​កិន​ស្លាប់​ភ្លាមៗ​មួយ​រំពេចនៅនឹង​កន្លែងកើតហេតុ និង​ម្នាក់ទៀត​បាន​រង​របួសធ្ងន់។ 

ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​ពីវេលា​ម៉ោង​១៩ ​និង​១០ ​នាទី​យប់ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០​១៩ ស្ថិតក្នុង​ភូមិ​តា​ព្រាម ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្ត​កំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១។

តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​អង្គរជ័យ​បានអោយដឹងថា ដោយ​មុនដំបូង​គឺ​អ្នក​បើកបរ​ម៉ូតូ​ម៉ាក​ HONDA គុប ​C09 ពណ៌​ស្លែ ពាក់​ស្លាក​លេខ កំពត​1E-4347 ឈ្មោះ យី​វ មាស ភេទ​ប្រុស អាយុ ៤១​ឆ្នាំ​ (​របួស​ធ្ងន់​) រស់នៅ​ភូមិ​ត្រ​បៀត ឃុំ​សំឡាញ ស្រុក​អង្គរជ័យ ខេត្តកំពត មុខរបរ កសិករ បើក​ម៉ូតូ ពី​ទិស​ខាងត្បូងទៅខាង​ជើង តាម​បណ្ដោយ​ផ្លូវ​ខាង​លើ ក្នុង​ល្បឿន​ធម្មតាលុះ​មកដល់​ចំណុច​កើតហេតុ ក៏មាន​ម៉ូតូ​ម៉ាក​អ៊ិច​សង់​ទ័​រ​ C150 ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ខម​-1-5555 បើកបរ​ដោយឈ្មោះ ឃុន សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិដំណាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយ​មាស ខេត្ត​កំពត មុខរបរ សិស្ស​ថ្នាក់​ទី​១២ ទើប​ប្រឡង​ជាប់ បាន​បើក​ម៉ូតូ​ពី​ទិស​ខាង​ជើង​ទៅ​ត្បូង ​ក្នុង​ល្បឿន​លឿន​ បាន​ទៅបុក​ជាមួយ​ម៉ូតូ​មកពី​ទិស​ផ្ទុយគ្នា​បណ្ដាល​ឲ្យ​ខ្ទាត​ទៅក្រោមកង់​រថយន្ត​ខ្នាត​ធំ​មួយ​គ្រឿង​មកពី​ទិស​ស្រប​គ្នា បណ្ដាល​ឲ្យ​បាក់​ជើង​ទាំងពីរ​ និង​បាក់​ដៃ​ស្តាំ​ ព្រមទាំង​ប៉ះទង្គិច​នៅ​លើ​ដងខ្លួន​យ៉ាងដំណំ និងស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង។

ដោយឡែក​អ្នក​បើកបរ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ម៉ាក​ DAEWOO ពណ៌​ស​ ពាក់​ស្លាក​លេខ​ 3 ភ្នំពេញ E-3457 ក្រោយពេល​កើត​ហេតុ ​បាន​ចុះ​រត់​គេច​ខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ ​និង បាន​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ។

បច្ចុប្បន្ន​ រថយន្តនិងម៉ូតូខាងលើត្រូវបានសមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ជា​បណ្ដោះអាសន្ន​ ចំណែក​សព​ជនរងគ្រោះត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ដើម្បី​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី ​៕