អគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំ ដកពិសោធន៍ ការងារបង្ការ ទប់ស្កាត់ និងបង្ការអំពើលួច ឆក់ ក្នុងក្រុងភ្នំពេញ
ព័ត៌មាន
1.97K

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំដកពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងបង្ការអំពើលួច ឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពី ប្រធាន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ប្រធាន អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត, ប្រធាន អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ឌ, ស្នងការរងនគរបាលរាជធានីភ្នំពេញ, នាយការិយាល័យ, អធិការនគរបាលខណ្ឌ និងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រើនទៀតផងដែរ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានក្រុមលេខាធិការដ្ឋានបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា បទល្មើសជារួមក្នុងខែសីហា បានកើតឡើងចំនួន៦៣ករណី ប៉ុន្ដែដោយមានកិច្ចខិតខំប្រឹងប្រែងពីកម្លាំងគ្រប់អង្គភាពទាំងអស់ សហការគ្នាបង្ក្រាបបាន ចំនួន៥០ករណី ចាប់ខ្លួនជនសង្ស័យបាន៦៤នាក់ ស្មើនឹង៧៩ភាគរយ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ង៉ែង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានណែនាំដល់នគរបាលព្រហ្មទណ្ឌទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពរាល់មុខសញ្ញាទាំងឡាយដែលអតីតកាល ឬបច្ចុប្បន្នកាលនេះ ធ្លាប់មានសកម្មភាពលួចឆក់ ដើម្បីដាក់ចេញវិធានការអប់រំទប់ស្កាត់ និងតាមដានបង្ក្រាបពេលមុខសញ្ញា ទាំងនេះធ្វើសកម្មភាពឡើងវិញ។ ក្នុងនោះ ជំនាញក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់មុខសញ្ញាទាំងឡាយ (លួច, ឆក់, ប្លន់, ចាក់ជក់, ប្រើប្រាស់គ្រឿងញៀន) ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួន ឬដីកាស្វែងរកចាប់ខ្លួន (ដោយផ្អែកតាមសាលក្រម ឬសាលដីកាស្ថាពរ) សម្ដៅរកឃើញនូវមុខសញ្ញាទាំងនោះ ដើម្បីធ្វើការបង្ក្រាប ឬក្តាប់បានពីការរត់គេចខ្លួនជាបុគ្គល ឬជាគ្រួសារ ដើម្បីមានវិធានការស៊ើបអង្កេតស្រាវជ្រាវឲ្យបានម៉ត់ចត់។​

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បានធ្វើការកត់សម្គាល់ឃើញថា បើទោះបីបទល្មើសជារួមមាន ការកើនឡើងមែន ប៉ុន្ដែការបង្ក្រាបក៏មានប្រសិទ្ធភាព ដោយមានការរួមដៃគ្នាយ៉ាងស្អិតរមួតពីកម្លាំងគ្រប់អង្គភាព ដែលមានការពាក់ព័ន្ធទាំងអស់ ហើយនេះក៏ជាមោទនភាពចំពោះកងកម្លាំងទាំងអស់ផងដែរ។ ប៉ុន្ដែទោះជាយ៉ាងណា ឯកឧត្តម បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាបង្ការ ទប់ស្កាត់បន្ថែមទៀត សម្ដៅកាត់បន្ថយរាល់គ្រប់បទល្មើស ដែលអាចនឹងកើតមានឡើង ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលជំនាញយុត្តិធម៌ ដែលបានបំពេញការងារយ៉ាងសកម្ម ដោយសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធទាំងអស់លើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានល្អប្រសើរផងដែរ៕