ស្លាប់ទៀតហើយ!!! បុរសម្នាក់ជិះម៉ូតូទៅបុករឺម៉កពីក្រោយបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម នៅខណ្ឌមានជ័យ
ព័ត៌មាន
15.3K

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលចង្កូតទៅបុករ៉ឺម៉កដឹកបន្លែពីក្រោយពេញទំហឹង ដួលបោកក្បាលស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០២ និង៤០ នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ នៅចំណុចមុខ ផ្ទះប្ដូរប្រាក់មួយកន្លែង ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ តន សុភារ៉ាប៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

ព័ត៌មានពីប្រភពកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF-1921 ជិះតែម្នាក់ឯងមានមួកសុវត្ថិភាពតែមិនបានពាក់ទេ ដោយដោះទុកនៅជាប់ម៉ូតូ។ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ពីជើងទៅត្បូងចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុករ៉ឺម៉កដឹកបន្លែមួយគ្រឿងពីក្រោយពេញទំហឹង បណ្ដាលអោយខ្ទាតបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ ចំណែករ៉ឺម៉កដឹកបន្លែឃើញសភាពមិនស្រួលក៏បានបន្តទៅមុខគេចបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចាក់អង្រែលើ បានចុះមកដល់ទីតាំងនិងបានទាក់ទងទៅកម្លាំងជំនាញផ្នែកវាស់វែងខណ្ឌមានជ័យ ចុះមកធ្វើកំណត់ហេតុ យកសពទៅតម្កល់នៅវត្តទឹកថ្លាដើម្បីរង់ចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕