ឆ្លងចរន្តអគ្គិសនីឆេះក្បាលរថយន្តកុងតឺន័រ ផ្អើលខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ និងរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ
ព័ត៌មាន
14.3K

ភ្នំពេញ៖ មានរថយន្តកុងតឺន័រ១គ្រឿង ខណ:កំពុងបើកបរចេញ ពីផែស្ងួតស៊ូហាក់ ស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឲ្យមានការឆាបឆេះយ៉ាងខ្លាំង បង្កការភ្ញាក់ផ្អើលនៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៤ និង១៥ នាទី ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តខាងលើបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ! រថយន្តមានម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-0157 នៅមុនពេលកើតហេតុគេបានឃើញរថយន្តខាងលើធ្វើដំណើរពីកើតទៅលិច ចេញពីផែស្ងួតស៊ូហាក់ ស្ថិតនៅខាងក្រោយបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ក្នុងបំណងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។

លុះមកដល់ចំណុចកើតហេតុស្រាប់តែឆ្លងចរន្ត បណ្តាលឲ្យមានអណ្ដាតភ្លើងឆាបឆេះក្នុងកាប៊ីនរថយន្តយ៉ាងសន្ធោសន្ធៅ។ ពេលនោះប្រជាពលរដ្ឋបាននាំគ្នាយកធុងប៉េត្រ ដងទឹកប្រឡាយក្បែរនោះជះពន្លត់ ហើយខ្លះទៀតបានយកបំពង់ពន្លត់ អគ្គិភ័យទៅបាញ់ពន្លត់ ក្រោយមកទើបមានឡានពន្លត់អគ្គីភ័យមកដល់ទើបរលត់ទៅវិញ។

ករណីនេះបណ្ដាលឲ្យរងការខូចខាតកាប៊ីនរថយន្តទាំងស្រុងមិនអាចប្រើការបានឡើយ ចំណែលអ្នកបើកបរមិនមានរងគ្រោះថ្នាក់ទេ ព្រោះបានបើកទ្វាររត់ចេញទាន់ពេលវេលា។

ក្រោយពេលកើតហេតុ ក៏មាននគរបាលបានប៉ុស្តិ៍ចោមចៅ៣ បានចុះមកត្រួតពិនិត្យដល់ទីតាំងនិងឲ្យម្ចាស់យករថយន្តនេះ ទៅរក្សាទុកដោយខ្លួនឯងវិញ ៕