រថយន្តព្រូស១គ្រឿង ត្រូវជនសង្ស័យ៤នាក់ លួចយកទៅបាត់នៅក្រុងតាខ្មៅ
ព័ត៌មាន
2.3K

កណ្តាល៖ ចោរមួយក្រុមមានគ្នា០៤នាក់បានធ្វើសកម្មភាពលួចរថយន្តកាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនរងគ្រោះជាប់ផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ សុខ វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជំនួយការមេធាវី មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។

ជននសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក (គេចខ្លួនបាត់)។

សម្ភារបាត់បង់រួមមាន៖ រថយន្ត១គ្រឿងម៉ាកToyota(Prus)ពណ៌ក្រហម ស៊េរី២០០៧ ស្លាកលេខ ភ្នំពេញ 2BA-7896

(រថយន្តមានភិនភាគសំគាល់ កញ្ចក់ខ្មៅ យ៉ាន់ផ្កាច័ន្ទ កំពិតគូទខាងស្តាំ)។

ប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះជនរងគ្រោះជាផ្ទះល្វែងជាប់នឹងផ្លូវជាតិលេខ២១ មុខផ្ទះគ្មានរបងការពារឡើយជាង២ខែមកហើយ ជនរងគ្រោះតែងតែទុករថយន្តរបស់ខ្លួននៅខាងមុខផ្ទះជានិច្ច តែរថយន្តគ្មានភ្ជាប់ប្រពន្ធ័GPSនោះទេ។ លុះមកដល់វេលាម៉ោង១១យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួននៅខាងមុខផ្ទះដូចសព្វដង ហើយចូលសំរាកបាត់ទៅ។ រហូតដល់វេលាម៉ោង៦ព្រឹកនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ទើបជនរងគ្រោះភ្ញាក់ពីដេក ក៏បានដឹងថាបាត់រថយន្ត ភ្លាមៗនោះជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។ តាមរយៈការឆែកកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ឃើញថាមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក បានទម្លាក់គ្នាវាម្នាក់ឲ្យដើរចុះដើរឡើងកាត់មុខផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពលួចរថយន្តយកទៅបាត់ ។

បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់មកចាត់ការតាមនីតិវិធីច្បាប់ ៕