សិស្សផ្ទុះការតវ៉ាចំពោះលទ្ធផលប្រឡងបាក់ឌុបដែលចេញមក , អ្នកនាំពាក្យក្រសួងអប់រំថា« ក្រសួងមិនមានគោលការណ៍ បើកចំហរជូនបេក្ខជន ដូចឆ្នាំ២០១៨ ទៀតនោះទេ» ! (មានវីដេអូ)
ព័ត៌មាន
10.6K

ភ្នំពេញ ៖ ក្រុមសិស្សានុសិស្ស ថ្នាក់ទី១២ ដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រួចនាពេលថ្មីៗនេះ បានប្រមូលផ្តុំគ្នាជាច្រើននាក់ ធ្វើការតវ៉ា សុំឲ្យខាងក្រសួង អប់រំ យុវជន និងកីឡា ពិសេសគឺ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាជួយបើកការត្រួតពិនិត្យទៅលើកំណែឯកសារដែលបេក្ខជនប្រឡងឡើងវិញ ព្រោះលទ្ធផលដែលចេញមក មិនអាចឲ្យពួកគាត់ទទួលយកបាន សិស្សខ្លះថាខ្លួនធ្វើត្រូវនឹងចម្លើយ ដែលជឿជាក់លើខ្លួនឯង៨០% ថាធ្វើត្រូវ តែបែរជាចេញលទ្ធផលមក ធ្លាក់ទៅវិញ សិស្សខ្លះទៀត មិនពេញចិត្តចំពោះលទ្ធផលប្រឡង ដែលចេញមកទៅលើមុខវិជ្ជារផ្សេងៗគ្នា ទើបថ្ងៃនេះ ក៏ប្រមូលផ្តុំគ្នាសុំធ្វើការតវ៉ាតែម្តង ។ ក្នុងនោះ ក្នុងចំណោមសិស្សជាច្រើននាក់ ដែលមកតវ៉ានេះ បាននិយាយថា មុខវិជ្ជាខ្លះ ធ្វើបានល្អស្ទើរតែទាំងអស់ និទ្ទេសបានសុទ្ធតែE តែលទ្ធផលបែរជា បាននិទ្ទេសធ្លាក់ទៅវិញ។

ការតវ៉ានេះ បានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាលពីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រសួងអប់រំ យុវជន និងកីឡា ផ្ទាល់តែម្តង។

ដោយឡែកក្រោយមានការតវ៉ាពីសំណាក់សិស្សរួច ស្រាប់តែលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឆ្លើយតបវិញនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះថា ក្រសួងមិនមានគោលការណ៍ បើកចំហរជូនបេក្ខជន ដូចឆ្នាំ២០១៨នោះទេ ព្រោះមានការសម្រិតសម្រាំង យ៉ាងច្បាស់លាស់ ហើយក្រសួងក៏យល់ពីមនោសញ្ចេតនារបស់បេក្ខជន និងក្រុមគ្រួសារក្រោយពីទទួលលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនីមួយៗ ខណៈដែលកាលពីឆ្នាំ២០១៨ មានបេក្ខជនប្រឡងជាប់បានមកតវ៉ា ពាក់ព័ន្ធនឹងបញ្ហាពិន្ទុ ពេលនោះក្រសួងបានយល់ព្រម ធ្វើការបូកសរុបសារជាថ្មី ហើយក្រសួងបានបកស្រាយថា បណ្តាលមកពីបញ្ហាបច្ចេកទេសកុំព្យូរទ័រ។

លោកបានបន្តថា ជាទូទៅក្រសួងអប់រំ យុវជននិងកីឡា ស្វាគមន៍ចំពោះមតិរិះគន់ស្ថាបនា និងឆ្លើយតបតាមភាពចាំបាច់ និងតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។

ក្នុងនោះមានមតិខ្លះលើកឡើងថា បើពិតជាក្រសួងមិនពិនិត្យឡើងវិញពិតមែន ព្រោះសំអាងថា មានការសម្រិតសម្រាំងយ៉ាងច្បាស់លាស់នោះ សិស្សខ្លះអាចនឹងបាក់ទឹកចិត្តក្នុងការរៀនសូត្រជាមិនខាន ព្រោះតែការខិតខំប្រឹងរៀនរយៈពេល១២ឆ្នាំ បែរជាលទ្ធផលចេញមកធ្វើឲ្យពួកគាត់មិនអាចទទួលយកបាន ទាំងដែលពួកគាត់អះអាងថា ពួកគាត់ធ្វើបាននិងត្រឹមត្រូវដល់ទៅ៨០% ៕