ប្រធានក្រុមហ៊ុន Alibaba លោក Jack Ma លាលែងចេញពីតំណែងជា​​ផ្លូវការហើយ!
ព័ត៌មានអន្តរជាតិ
1.13K

​បរទេស៖ ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានសម្រេច​​លាលែងចេញពីតំណែងជាផ្លូវការ ហើយ នៅថ្ងៃអង្គារម្សិលមិញនេះ វាក៏ជាថ្ងៃខួបកំណើតឈានចូលវ័យ​៥៥ឆ្នាំ​របស់លោកផងដែរ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

​គួរបញ្ជាក់ថា លោក Daniel Zhang ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba នឹងឡើងកាន់តំណែងជាប្រធានក្រុមហ៊ុនជំនួសលោក Jack Ma ហើយបើទោះជាលាឈប់ពីតំណែងក៏ដោយ ក៏លោក Ma នឹងបន្តជួយជ្រោមជ្រែងក្រុមហ៊ុន ក្នុងនាមជាអ្នកប្រឹក្សាយោបល់ម្នាក់។

គួររម្លឹកថា ​Jack Ma ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ បានបង្កើតក្រុមហ៊ុន Alibaba នៅក្នុងឆ្នាំ១៩៩៩ និងបានប្រែក្លាយក្រុមហ៊ុនមួយនេះ ឱ្យទៅជាក្រុមហ៊ុនអ៊ីនធឺណេតធំជាងគេមួយនៅលើពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុន Alibaba មានទ្រព្យសរុប៤៨០ពាន់លានដុល្លារ ហើយលោក Ma គឺជាកំពូលមហាសេដ្ឋីលេខ១នៅក្នុងប្រទេសចិន។ នេះបើយោងតាមទស្សនាវដ្តី Forbes​។

តើលោក Jack Ma គឺជានរណា?

Jack Ma កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៤ ក្នុងគ្រួសារក្រីក្រមួយ នៅទីក្រុងហាំងចូវ(Hangzhou) ភាគខាងកើត ប្រទេសចិន ហើយលោក​បានចាប់ផ្ដើមការងាររបស់លោកជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់។ Jack Ma ​បានទិញកុំព្យូទ័រជាលើកដំបូងនៅអាយុ​៣៣ឆ្នាំ ហើយកំឡុងពេលនោះឯង លោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលស្វែងរកមិនឃើញទាល់តែសោះស្រាបៀរចិន នៅលើបណ្ដាញអ៊ីនធឺណែត ជាហេតុធ្វើឱ្យលោកមានគំនិតបង្កើតក្រុមហ៊ុន Alibaba បើទោះជាលោកគ្មានចំណេះដឹងផ្នែកកុំព្យូទ័រក៏ដោយ។

សព្វថ្ងៃ ក្រុមហ៊ុន Alibaba មានទ្រព្យសរុប៤៨០ពាន់លានដុល្លារ ហើយលោក Ma គឺជាកំពូលមហាសេដ្ឋីលេខ១នៅក្នុងប្រទេសចិន និងស្ថិតនៅក្នុងចំណោមអ្នកមានជាងគេនៅលើពិភពលោក ប្រចាំទស្សនាវដ្ដី Forbes ជាមួយទ្រព្យសម្បត្តិ ៣៨.៦ពាន់លានដុល្លារ (ឆ្នាំ២០១៨)។

​ក្រោយលាលែងពីតំណែង តើលោក Jack Ma នឹងបន្តធ្វើអ្វីទៀត?

បន្ទាប់ពីការលាលែងពីតំណែង លោក Jack Ma នឹងផ្តោតជាសំខាន់លើការងារមនុស្សធម៌ និងវិស័យអប់រំ ដូចដែលលោកធ្លាប់បានប្រាប់កាសែតអាមេរិក New York Times កាលពីឆ្នាំ២០១៨ថា ការលាលែង ឬការចូលនិវត្តន៍របស់លោកមិនមែនជាការបញ្ចប់នោះទេ តែវាគឺជាការចាប់ផ្ដើមសករាជថ្មីសម្រាប់ Alibaba ។ «ខ្ញុំស្រឡាញ់ការអប់រំ»។ នេះជាការបញ្ជាក់យ៉ាងខ្លីរបស់លោក Ma ប្រាប់កាសែតអាមេរិក៕

ប្រភព៖ BBC