គ្រោះចង្រៃ! អគ្គីភ័យឆាបឆេះផ្សារឃ្លាំងរំសេវ យ៉ាងសន្ធោសន្ធៅ ខូចខាតតូបលក់ទូរស័ព្ទចំនួន៤០តូប សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យអស់២៦គ្រឿងទើបរលត់ទៅវិញ
ព័ត៌មាន
4.21K

ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះនៅក្នុងផ្សារឃ្លាំងរំសេវពេលនេះសមត្ថកិច្ចបានបញ្ជាក់ថា តូបដែលត្រូវអគ្គិភ័យឆាបឆេះ សរុបទាំងអស់មានចំនួន៤០តូប ខូចខាតទ្រព្យសម្បត្តិបងប្អូនអាជីវករមួយចំនួន តែសំណាងគ្មានអ្នកណារងរបួសនោះទេ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបាន កើតឡើងកាលពីវេលាម៉ោងប្រមាណ ២៣និង២០នាទីយប់ថ្ងៃទីទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងផ្សារឃ្លាំងរំសែវ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ ឃើញមានការចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះអន្តរាគមន៍ទាំងយប់ ភ្លាមៗនោះឯកឧត្ដមបានមានប្រសាសន៍ប្រាប់អង្គភាពសារព័ត៌មាន TVFB ថាចំពោះ អគ្គីភ័យឆាបឆេះលេបត្របាក់តូបលក់ទូរសព្ទនៅក្នុងផ្សារឃ្លាំងរំសេវ អស់ ជាង១០តូប ហើយមិនបណ្តាលអោយមានមនុស្សណាម្នាក់រងរបួសឡើយឬគ្រោះថ្នាក់ឡើយ ដោយភ្លាមៗសមត្ថកិច្ចចំណាយ ពេលប្រហែលមួយម៉ោង និងពន្លត់អគ្គីភ័យ ជាង ២៦គ្រឿង ក្នុងការចុះអន្តរាគមន៍ពន្លត់ភ្លើងដែលឆាបឆេះ មិនអោយឆេះរាលដាលខ្លាំង នៅទីតាំងកន្លែងកើតហេតុ ហើយសមត្ថកិច្ចពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍បាន ធ្វើអោយភ្លើងឆេះដល់ខ្លាំងក្លានោះរលត់ទៅវិញនាវេលាម៉ោង០០និង៣០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះផងដែរ ។

ក្រោយពីភ្លើងបានរលត់ទៅវិញ ជាស្ថាពរយ៉ាងណា ឯកឧត្តមឃួងស្រេង ក៏បានសំណូមពរទៅដល់ម្ចាស់តូបទាំងអស់សូមមេត្តាកុំចូលទៅរញ៉េរញ៉ៃច្រើនគ្នាអីទុកតែម្នាក់បានហើយដើម្បីចូលទៅត្រួតពិនិត្យទ្រព្យសម្បត្តិហើយចំពោះបញ្ហានេះលោកអភិបាលឯកឧត្តមក៏បានបញ្ជាឲ្យលោកអភិបាលខណ្ឌទួលគោកធ្វើការត្រួតពិនិត្យនិងការពារទីតាំងកន្លែងកើតហេតុបន្តទៀត ៕

រហូតមកទល់ព្រឹកនេះ កម្លាំងនគរបាលខណ្ឌទួលគោក កំពុងធ្វើការ និងគ្រប់គ្រងទីកន្លែងកើតហេតុ និងការពារទ្រព្យសម្បត្តិបងប្អូនអាជីវករផងដែរ៕