សមត្ថកិច្ចខណ្ឌចំការមន​ ចាប់វាយខ្នោះបុរសជនជាតិចិនភ្លាមៗ​ ក្រោយបង្កគ្រោះថ្នាក់​ចរាចរណ៍​ ២កន្លែង​ផ្សេងគ្នា​នឹងបណ្តាលអោយសមត្ថកិច្ចម្នាក់ដែលដេញតាមឃាត់​ រងរបួសបាក់ជេីងម្ខាង
ព័ត៌មាន
2.81K

ភ្នំពេញ​៖ បុរសជនជាតិចិន​ម្នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ​ បន្ទាប់ពីបេីករថយន្តសេរីទំនេីប​ម៉ាក​ BMW ១គ្រឿង​ បង្កហេតុគ្រោះថ្នាក់ចរាចរនៅចំណុចផ្លូវព្រះនរោត្តម​ រួចព្យាយាមបើករត់គេចទៅបុកម៉ូតូរបស់សមត្ថកិច្ចដែលធ្វើការដេញតាមឃាត់​ និងបន្តជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក​ Range Rover ១គ្រឿងទៀត​ នៅលើផ្លូវរដ្ឋសភា​ បណ្ដាលឱ្យរងការខូចខាត​ និងបង្កឲ្យសមត្ថកិច្ចម្នាក់​ រងរបួសបាក់ជេីងម្ខាង ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​១ និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១​ ខែកញ្ញាឆ្នាំ ២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសជនជាតិចិន​ខាងលេី បេីករថយន្តសេរីទំនេីប​ម៉ាក​ BMW ១គ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​2AK-9993 នឹងមាននារីម្នាក់​ រួមដំណេីរជាមួយ​ ហេីយបានជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវព្រះនរោត្តម​ ក្បែរក្រសួងមហាផ្ទៃ​ តែមិនព្រមឈប់ដោះស្រាយ​ បែរជាព្យាយាមបើករថយន្តរត់គេច​ខ្លួន បង្កអោយមានការភ្ញាក់ផ្អេីលដល់កម្លាំងសមត្ថកិច្ចដែលកំពុងល្បាតតាមមូលដ្ឋានក្បែរនោះ​ នាំគ្នាដេញតាមឃាត់រថយន្តខាងលេី​ ​រហូតទៅដល់ចំណុចផ្លូវរដ្ឋសភា​ ក៏បុរសជនជាតិចិន​ បេីកទៅបុកម៉ូតូរបស់សមត្ថកិច្ចដែលធ្វើការដេញតាមឃាត់​ និងបន្តជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក​ Range Rover ១គ្រឿងទៀត​ ពាក់ស្លាកលេខភ្នំពេញ​2M-9577 ដែលឈប់ចតលេីផ្លូវ​ បណ្ដាល​ឱ្យរងការខូចខាតយ៉ាងដំណំ​ និងបង្កឲ្យសមត្ថកិច្ចម្នាក់ រងរបួសបាក់ជេីងម្ខាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ហេីយបុរសជនជាតិចិនខាងលេី​ ក៏ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមន​ ចាប់វាយខ្នោះបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដេីម្បីធ្វេីការសួរនាំតែម្តង​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍​ខណ្ឌចំការមន​ សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង​ ធ្វេីការវាស់វែងយករថយន្តនឹងម៉ូតូ​ ទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជេីងគោក​នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ​ ៕