​ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិអះអាងថា ​រកឃើញវិធានការប្រឆាំងមេរោគអេដស៍HIV មិនឲ្យរីករាលដាលតទៅទៀត
ព័ត៌មានអន្តរជាតិ
1.01K

​បរទេស៖ ​យោងតាមការផ្សាយពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមកពីប្រទេសហ្វាំងឡង់ រុស្ស៊ី ស្វីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានរកឃើញវិធីសាស្ត្រមួយ ដែលអាចបំបែក និងធ្វើឱ្យម៉ូលេគុលវីរុស HIV លែងមានសកម្មភាព ឬមានន័យថា វាអាចរាំងខ្ទប់មិនឲ្យមេរោគ HIV វិវត្តន៍ទៅជាជំងឺអេដស៍បាន។ នេះបើតាមលទ្ធផលស្រាវជ្រាវពីសាកលវិទ្យាល័យ សោតស៍យូរ៉ាល់ស្តេត (South Urals State University ឬ SUSU)។

យោងតាម​សេចក្ដីថ្លែងការណ៍របស់ខ្លួន SUSU បានឱ្យដឹងទៀតថា វិធីសាស្ត្រខាងលើបានបង្ហាញពី សមាសធាតុផ្សំទាំងមូលមួយ ដែលត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺផ្សេងៗ ក្នុងនោះរួមមានទាំងជំងឺមហារីក និងវីរុស HIV។

យ៉ាងណាមិញ លោកសាស្ត្រាចារ្យ អូឡេក រ៉ាឃីទីន (Oleg Rakitin) ដែលជាអ្នកសា្រវជ្រាវម្នាក់ ក្នុងចំណោមក្រុមអ្នកស្រាវជ្រាវចម្រុះជាតិសាសន៍ខាងលើ ក៏បានពន្យល់ដែរថា សមាសធាតុផ្សំដែលបានរកឃើញនេះ គឺវាអាចបំបែកអាតូមស័ង្កសី (zinc atom) ចេញពីម៉ូលេគុលវីរុស ហើយធ្វើឱ្យវីរុសនោះលែងមានសកម្មភាពតែម្ដង។

ដោយក្នុងនោះ លោក​បានបញ្ជាក់​ថា​«កាលពីដំបូងឡើយ ពួកគេគ្រាន់តែស្វែងរកថ្នាំ និងវិធីសាស្រ្តព្យាបាលជំងឺមហារីកតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកពួកយើងបានរកឃើញថា សមាសធាតុទាំងនេះក៏មានសមត្ថភាព និងប្រសិទ្ធខ្ពស់ក្នុងការប្រឆាំងនឹងវីរុស HIV ផងដែរ»។

លោក Rakitin បានបន្ថែមថា ក្រុមអ្នកសា្រវជ្រាវនឹងបន្តការសិក្សាស្រាវជា្រវបន្ថែមទៀត ដើម្បីកំណត់ថាតើមានជំងឺ ឬវីរុសណាផ្សេងទៀតអាចព្យាបាលបានតាមវិធីសាស្ត្រ ដែលពួកគេរកឃើញដែរ ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា បើតាមកម្មវិធីប្រឆាំងជំងឺអេដស៍ និង HIV របស់អង្គការសហប្រជាជាតិ UNAIDS មានមនុស្ស ៣៧.៩លាននាក់កំពុងរស់នៅជាមួយវីរុស HIV ខណៈ ១.៧លាននាក់បានឆ្លងវីរុសមួយនេះកាលពីឆ្នាំ២០១៨។ UNAIDS មានគោលដៅលុបបំបាត់វីរុស HIV ទាំងស្រុងនៅត្រឹមឆ្នាំ២០៣០៕

ប្រភព៖ Sputnik