មនុស្សជាង​១៥០​នាក់ត្រូវបានចាប់ខ្លួន អំឡុងការតវ៉ាកាលពីចុងសប្តាហ៍នៅទីក្រុងហុងកុង​
ព័ត៌មានអន្តរជាតិ
242

បរទេស៖ មនុស្សសរុបចំនួន​១៥៧​នាក់ ដែលអ្នកខ្លះមានអាយុ​១៣​ឆ្នាំ ត្រូវបានចាប់ខ្លួន អំឡុងការតវ៉ាកាលពីចុងសប្តាហ៍។នេះបើតាមយោងតាមការចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

គួរជម្រាបថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ប្រធានទំនាក់ទំនងសាធារណៈរបស់ប៉ូលិសទីក្រុងហុងកុង លោក Tse Chun-chung បាននិយាយថា មនុស្ស​១៥៧​នាក់ត្រូវ បានចាប់ខ្លួនក្នុងអំឡុងពេលនៃការតវ៉ា ចម្លោះម៉ោង​៥ ល្ងាចថ្ងៃសុក្រ និង​ម៉ោង៨​ព្រឹកនៅថ្ងៃច័ន្ទ។ ក្នុងចំណោមមនុស្ស ១៥៧​នាក់ មាន​១២៥​នាក់(បុរស) និង​៣២ នាក់(ស្ត្រី) ហើយពួកគេមានអាយុចន្លោះពី១៣​ទៅ៦៣​ឆ្នាំ។ បទល្មើសរបស់ពួកគេរួមមាន«ការប្រមូលផ្តុំដោយខុសច្បាប់ ការកាន់កាប់អាវុធវាយលុកការខូចខាតព្រហ្មទណ្ឌការលួចប្លន់ និងការវាយដំទៅលើមន្ត្រីប៉ូលិស»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រុមអ្នកតវ៉ាបានដើរក្បួនទៅស្ថានកុងស៊ុលសហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យសភាអនុម័តច្បាប់ស្តីពីសិទ្ធិមនុស្សនៅទីក្រុងហុងកុង។

លើសពីនេះ បាតុកម្មតវ៉ាកាលពីចុងសប្ដាហ៍កន្លង នៅតែបន្តមានអំពើហិង្សាផ្ទុះឡើង ស្របពេលក្រុម បាតុករប្រកាន់ជំហរធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុង ដដែល បើទោះជាសេចក្ដីព្រាងច្បាប់ ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបានលុបចោលក៏ដោយ។ ពួកគេបានបន្ថែមការទាមទារឱ្យ ដោះលែងក្រុមបាតុករ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ជាពិសេសគឺអំពាវនាវឱ្យនាយកប្រតិបត្តិ ក្រុងហុងកុងលោកស្រី Carrie Lam ចុះចេញពីតំណែង៕​

ប្រភព៖ Channel News Asia 

ទីក្រុងហុងកុង ព្រមានបរទេសកុំចូលជ្រៀតជ្រែក​ឲ្យសោះ ក្រោយក្រុមបាតុករសម្រុកទៅមុខកុងស៊ុលអាមេរិក​