ឃាតក ចាក់សម្លាប់អ្នកដឹកអីវ៉ាន់តាមអនឡាញម្នាក់ ជាច្រើនកាំបិត ស្លាប់យ៉ាងរន្ធត់.. (មានវីដេអូ)
ព័ត៌មាន
11.7K

ភ្នំពេញ៖ បុរសម្នាក់ ដែលជាអ្នកដឹកអីវ៉ាន់តាមអនឡាញ ត្រូវបានឃាតកមិនស្គាល់មុខ ចាក់សម្លាប់ជាច្រើនកាំបិត ហូរឈាមប្រលាក់ពេញទឹកដក់លើផ្លូវ ចំណែកអាវវិញប្រលាក់ឈាមដាបតែម្តង ស្លាប់យ៉ាងរន្ធត់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីនេះបានកើតឡើងនៅម៉ោង១២និង១៥នាទីយប់ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជីន សុភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នកដឹកអីវ៉ាន់តាមអនឡាញ មានស្រុកកំណើតនៅភូមិខ្សាច់ឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើបានរត់ចេញពីកន្លែងសំណង់ផ្ទះល្វែង ទុកចោលខាងលើចម្ងាយ ជាង១០០ម៉ែត្រ ហើយបានស្រែកហៅឲ្យគេជួយផងមានគេប្លន់គាត់ ដោយរត់មកទាំងខ្លួនត្រូវគេចាក់ចំជើងទាំងសងខាង រត់មកដួលក្នុងថ្លុកទឹកដែលដក់លើដងផ្លូវ ។ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្រ្គោះបន្ទាន់ដើម្បីដឹកទៅមន្ទីរពេទ្យ តែអកុសល្យក៏ស្លាប់តែម្តង ។ ក្នុងនោះម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ1R-8743។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យទៅលើសាកសពនិងប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងកំណត់មុខសញ្ញាជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕