​តាលីបង់ព្រមានធ្ងន់ៗថា «ជនជាតិអាមេរិកនឹងស្លាប់កាន់តែច្រើន» ក្រោយការសម្រេចចិត្តបញ្ចប់កិច្ចចរចា​របស់លោក ដូណាល់ ត្រាំ
ព័ត៌មានអន្តរជាតិ
933

​បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters នៅព្រឹកថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា ក្រុមតាលីបង់បាននិយាយថា ការលុបចោលកិច្ចចរចាដើម្បីស្វែងរកសន្តិភាព ឱ្យប្រទេសអាហ្វហ្គានីស្ថាន ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យជនជាតិ​អាមេរិកស្លាប់កាន់តែច្រើន។ ​

គួរជម្រាបថា ការព្រមាន​របស់តាលីបង់​ធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានលុបចោលកិច្ចចរចាស្វែងរកសន្តិភាព ដែលដំបូងឡើយគ្រោងនឹងប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ នៅឯជំរុំដេវីដ (Camp David) នៃរដ្ឋ ម៉ារីឡេនដ៍ (Maryland) ដោយសារតែការវាយប្រហារបំផ្ទុះគ្រាប់បែករបស់ក្រុមតាលីបង់ បានផ្ដាច់ជីវិតទាហានអាមេរិកម្នាក់ និងមនុស្ស ១១នាក់ ក្នុងរដ្ឋធានីកាប៊ុលកាលពីសប្ដាហ៍មុន។

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ូលឡាហ៍ មូហ្សាហ៊ីដ (Zabihullah Mujahid) បានព្រមាន ​យ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ។ ដោយលោកបានបញ្ជាក់ថា​«ការសម្រេចចិត្តលុបចោលកិច្ចចរចានេះ នឹងធ្វើឱ្យជនជាតិអាមេរិកស្លាប់កាន់តែច្រើន...​និងបង្ហាញប្រាប់ពិភពលោកថា ការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិនឹងកើនឡើងតែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនមានសេចក្ដីរាយការណ៍ជាច្រើនថា សហរដ្ឋអាមេរិក និងតាលីបង់ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ក្នុងនោះរួមមានទាំងការដកកងទ័ពអាមេរិក ៥,៤០០នាក់ក្នុងរយៈពេល ២០សប្ដាហ៍ ចេញពីអាហ្វហ្គានីស្ថានផងដែរ។ ប៉ុន្តែក្ដីសង្ឃឹមបញ្ចប់សង្រ្គាមជិត១៨ឆ្នាំ មកនេះនៅអាហ្វហ្គានីស្ថាន ត្រូវបានរលាយទៅវិញក្រោយមានការវាយប្រហារបំផ្ទុះគ្រាប់បែក ក្នុងទីក្រុងកាប៊ុល។

ក្នុងនោះ​កងទ័ពអាមេរិក ១៤,០០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបើតាមរបាយការណ៍ UN កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ជនស៊ីវិល ៣២,០០០នាក់បានស្លាប់ ហើយកងទ័ពអាមេរិកច្រើនជាង ២,៣០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពី ឆ្នាំ២០០១មក។

លើសពីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានបញ្ជាក់ផងដែរថា ការដកទ័ពអាមេរិកពីអាហ្វហ្គានីស្ថាន នឹងមានអាចកើតមាននោះឡើយ បើសិនជាអាមេរិក និងតាលីបង់ មិនអាចសម្រេចចេញនូវកិច្ចព្រមព្រៀងជាមួយគ្នា៕

ប្រភព៖ Reuters