(ព័ត៌មានបន្ថែម) បាញ់សម្លាប់ប្តីប្រពន្ធ២នាក់យ៉ាងសាហាវ ព្រោះតែទំនាស់ដីធ្លី ,ចាប់ជនដៃដល់បានហើយគឺជាស្ត្រី..
ព័ត៌មាន
10K

មណ្ឌលគិរី៖ (ព័ត៌មានបន្ថែម)  ករណីឃាតកម្មដ៍សាហាវមួយបានកើតឡើង ដោយខ្មាន់កាំភ្លើងបានបាញ់ប្រហារ សម្លាប់ប្តីប្រពន្ធ២នាក់ ស្លាប់យ៉ាងរន្ធត់ចោលកូនតូចៗ។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចព្រៃខៀវ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ ៣៧ឆ្នាំ (ជាប្ដី) ចំណែកប្រពន្ធមានឈ្មោះ អុល អាយុ ៣៣ឆ្នាំ។ អ្នកទាំង ២នាក់ ទើបមកពីខេត្តកំពង់ធំ ធ្វើចម្ការនៅចំណុចខាងលើបាន៩ខែ តែប៉ុណ្ណោះ និងមានកូនតូចៗ៣នាក់ក្នុងបន្ទុកគ្រួសារ។

មុនពេលកើតហេតុ គ្រួសារជនរងគ្រោះ និងគ្រួសាររបស់ស្ត្រីដែលជាជនដៃដល់ តែងតែឈ្លោះទាស់ទែងគ្នា រឿងដីធ្លីដែលជនដៃដល់ឲ្យ លុះក្រោយមកក៏ទាមទារយកទៅវិញ ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យ រហូតមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានចាក់ធុងបាសច្រៀងរាំផឹកស្រាសប្បាយមានគ្នា ៤ទៅ៥នាក់ ចាប់ពីម៉ោង ៣រសៀលដល់យប់ម៉ោង ៧យប់ទើបឈប់ ហើយមិត្តភក្តិត្រឡប់ទៅផ្ទះគេវិញ ស្រាប់តែជនដៃដល់ស្ទាក់តាមផ្លូវរករឿង រំពេចនោះជនរងគ្រោះក៏ចេញពីផ្ទះទាំង ២នាក់ មកសួរនាំស្រាប់តែជនដៃដល់បាញ់ប្ដីប្រពន្ធនោះ ស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចចាប់ខ្លួនបានជនដៃដល់នោះហើយ គឺជាស្ត្រីមកចាត់ការនិងផ្តន្ទាទោសតាមច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចធ្វើកោសល្យវិច័យប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕